សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួន ឧកញ៉ា ស្រី សុីណា និងជនសង្ស័យ២នាក់ទៀត មកកាន់អយ្យការហើយ !

ចែករំលែក៖

ភ្នំពេញ ៖ ឃាតក ដៃឆៅឈាមត្រជាក់ បាញ់ប្រហារសម្លាប់មនុស្ស៤នាក់ ដែលបណ្តាលឱ្យបាត់បង់ជីវិត២នាក់ និង២នាក់ទៀតរងរបួស ជនសង្ស័យមានងារ ជាឧកញ៉ា ឈ្មោះ ស្រី សុីណា និងជនសង្ស័យ២នាក់ទៀត ជាអ្នកដឹកម៉ូតូជូនឃាតកទៅ និងមកឡាន ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនខ្លួនមកកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញហើយ ។

សូមបញ្ជាក់ថា ៖ មានករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ គំរោង៧ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។

ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹងដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។ ក្នុងនោះប្រជាពលរដ្ឋថ្កោលទោស ឃាតក ឈាមត្រជាក់នេះ សូមឱ្យសមត្ថកិច្ចចំណាត់ការឱ្យបានតឹងរឹងតាមនីតិវិធី ដើម្បីធ្វើសេចក្តីសន្និដ្ឋានបញ្ជូនសំណុំរឿងទៅកាន់អយ្យការ។
សមត្ថកិច្ចបានឱ្យដឹងថា ៖ ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់)។

ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់)។ អ្នកទាំង២ ជាគូដណ្តឹងនឹងគ្នា ដែលត្រូវចូលរោងការនៅខែតុលា ឆ្នាំ២០២៤ តែជាអកុសល ត្រូវ ឧកញ៉ា ស្រី សុីណា បាញ់ប្រហារសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ហើយឃាតក រូបនេះ គ្មានញញើតខ្លាចច្បាប់សូម្បីបន្តិច មុខឌឺ១០០តែម្តង។
ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។
ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ ជាប់ព្រំគ្នានឹងផ្ទះឃាតក ជួលឱ្យគេ។
ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៊ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីបាញ់ទៅលើជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។ ការសម្លាប់នេះអាចមកកាងឱ្យកំណាន់ចិត្តរបស់ខ្លួន ក៏អាចថាបាន ព្រោះម្សិលមុិញ សមត្ថកិច្ចបានហៅស្ត្រី២នាក់ម្តាយនឹងកូនមកសួរនាំ ដើម្បីសុីជម្រៅក្នុងជម្លោះក្លាយជាឃាតកម្មបាញ់សម្លាប់មនុស្សឆៅៗនេះ ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ជួយការក្តីឱ្យជនរងគ្រោះទៀតផង ៕

ដោយ ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print