លោកXi Jinping៖ ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់

ចែករំលែក៖

អន្តរជាតិ ៖ ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់ ការកែលម្អបរិស្ថានអេកូឡូស៊ីគឺជាការអភិវឌ្ឍផលិតភាព។ បរិស្ថានអេកូឡូស៊ីល្អប្រកបដោយតម្លៃសេដ្ឋកិច្ចដែលគ្មានកំណត់ ហើយអាចបន្តបង្កើតអត្ថប្រយោជន៍ដ៏ចម្រុះនិងសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាព។ នេះជាការចេញផ្សាយដោយ គេហទំព័រ   «CCFR China state-controlled media »  នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

 

ឃ្លានេះដកស្រង់ចេញពីសុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping នៅក្នុងពិធីបើកនៃពិព័រណ៍សាកវប្បកម្មពិភពលោកឆ្នាំ២០១៩នៅទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៩។

ពាក្យ“ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់”ដែលប្រកបដោយទស្សនវិជ្ជាដ៏ជ្រាលជ្រៅនេះឥឡូវត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយនិងដិតជាប់ក្នុងដួងចិត្តរបស់ប្រជាជនចិន ថែមទាំងអាចចេញជាសមិទ្ធផលផ្លែផ្កា និងបម្រើប្រយោជន៍ដល់ប្រជាជនតាមរយៈសកម្មភាពអនុវត្តយ៉ាងរស់រវើកទៀតផង។ “ទឹកថ្លាភ្នំបៃតង” សំដៅលើបរិស្ថានអេកូឡូស៊ី ចំណែក “ភ្នំមាសភ្នំប្រាក់”វិញគឺសំដៅលើការអភិវឌ្ឍសេដ្ឋកិច្ច។ តើទាំងពីរនេះមានទំនាក់ទំនងអ្វីនឹងគ្នា? ប្រយោគនេះបានផ្តល់ចម្លើយ៖ បរិស្ថានអេកូឡូស៊ីគឺជាមូលដ្ឋានគ្រឹះនៃការរស់រានមានជីវិត។តាមរយៈការការពារបរិស្ថានអេកូឡូស៊ី និងដើរតាមមាគ៌ានៃការអភិវឌ្ឍបៃតង សង្គមមនុស្សជាតិទើបអាចអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព។ នេះគឺមានន័យថា គោលដៅនៃការអភិវឌ្ឍរបស់ប្រទេសចិនក្នុងយុគសម័យថ្មីគឺការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ។

កាលពីជាង៣០ឆ្នាំមុនអ្នកភូមិYucunប្រកបរបរលក់ឬស្សីនិងជីករ៉ែ។ ភូមិនេះបានមានធូរធារ ប៉ុន្តែភ្នំបែរជាអស់ព្រៃឈើ  ហើយទន្លេក៏ជិតរីងស្ងួត។ ក្នុងខែសីហា ឆ្នាំ២០០៥ក្នុងអំឡុងពេលត្រួតពិនិត្យនៅភូមិYucunលោក Xi Jinping ដែលជាលេខាគណៈកម្មាធិការបក្សខេត្ត Zhejiang បានស្នើជាលើកដំបូងថា “ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់” ដែលបានចង្អុលបង្ហាញពីទិសដៅអភិវឌ្ឍន៍ និងពង្រឹងទំនុកចិត្តដល់ភូមិ Yucun ក្នុងការផ្លាស់ប្តូរពីការចិញ្ចឹមជិវិតដោយពឹងផ្អែកភ្នំដើម្បីអភិវឌ្ឍ មកជាថែរក្សាភ្នំនិងបង្កើតទ្រព្យលើភ្នំ។ 

នៅខែមីនាឆ្នាំ ២០២០ ១៥ឆ្នាំក្រោយមក លោក Xi Jinping បានអញ្ជើញមកភូមិ Yucun ម្តងទៀត។លោកមានសេចក្តីសោមនស្សរីករាយជាខ្លាំងដោយបានឃើញថា ភូមិYucunបានក្លាយជាទីជនបទដ៏ស្រស់ស្អាតដែលមានពណ៌បៃតងស្រងាត់និងមានភ្ញៀវទេសចរហូរហែមិនដាច់។ លោកបានថ្លែងថា ផ្លូវអភិវឌ្ឍន៍បៃតងគឺត្រឹមត្រូវហើយបើយើងជ្រើសរើសផ្លូវត្រូវ នោះយើងត្រូវតែប្រកាន់ខ្ជាប់ដើរបន្ដជារៀងរហូត។

ការផ្លាស់ប្តូរនៃភូមិYucun គឺជាការចាប់ផ្តើមនិងជានិមិត្តរូបនៃការបំប្លែងទ្រឹស្តី “ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់”ឱ្យទៅជាការអនុវត្តជាក់ស្ដែង។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨កន្លងមក ការកសាងអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនត្រូវបានពន្លឿន។ ការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាននៅតែបន្តទៅមុខ ការត្រួតពិនិត្យចំពោះការការពារបរិស្ថាននៃមជ្ឈិមបក្សត្រូវបានអនុវត្តគ្រប់ជ្រុងជ្រោយ កិច្ចការពារទន្លេយ៉ងសេនិងទន្លេលឿងត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅ កិច្ចការពាររួមបញ្ចូលគ្នានិងការគ្រប់គ្រងជាប្រព័ន្ធចំពោះភ្នំ ទន្លេ ព្រៃឈើ វាលស្រែ បឹង វាលស្មៅ និងវាលខ្សាច់ត្រូវបានអនុវត្ត ហើយការកសាងប្រព័ន្ធតំបន់ការពារធម្មជាតិត្រូវបានពន្លឿន… 

 ភ្នំកាន់តែបៃតង ទឹកកាន់តែស្អាត ហើយមេឃកាន់តែខៀវ ” ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់” បរិស្ថានអេកូឡូស៊ីដ៏ល្អមិនត្រឹមតែលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ក៏ជាផលិតផលសាធារណៈមានយុត្តិធម៌បំផុតនិងមានសុខុមាលភាពសម្រាប់ប្រជាជនដែលផ្តល់អត្ថប្រយោជន៍ដ៏ធំទូលាយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print