ខេត្តកំពត ៖ ពិធីដង្ហែសពជនរងគ្រោះទាំង២ ដែលជាគូដណ្តឹង ដោយក្រុមគ្រួសារទាំងសងខាងយកមកបញ្ចុះជាមួយគ្នា នៅស្រុកកំណើតខាងស្រី ក្នុងខេត្តកំពត ដោយក្តីវិយោគបំផុត ជាមួយការបាត់បង់សត្វលោកមួយគូនេះ ខណៈត្រូវរោងការ នៅខែតុលា ឆ្នាំ២០២៤ ខាងមុខ។
សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ សពទាំង២ត្រូវបានក្រុមគ្រួសារសាច់ញាតិទាំងសងខាង ធ្វើពិធីដង្ហែរយកទៅបញ្ចុះជាមួយគ្នា ដោយរណ្តៅរៀបឥដ្ឋដាក់ទន្ទឹមគ្នាផ្នូរតែមួយ គឺឡុង លីសុង និង ឃីន កញ្ចនា ! អ្នកទាំង២ បាននៅផ្ទះថ្មី ជាមួយគ្នាហើយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ «ហួសពីអាណិត» សូមឱ្យអ្នកទាំងពីរបានគ្នាគ្រប់ៗជាតិ។
លោកតាអាចារ្យបានមានប្រសាសន៍ថា មូលហេតុដែលសពទាំង២ត្រូវបញ្ចុះទន្ទឹមគ្នា ហើយពូនផ្នូរតែមួយនេះ ដោយសារមានសំណូមពរពីឪពុកម្តាយ និងបងប្អូនសាច់ញាតិទាំងសងខាង ឯកភាពឲ្យរៀបចំដូច្នេះ ពីព្រោះកូនទាំង២ ទោះបីមិនទាន់បានចូលរោងការតាមប្រពៃណីក៏ពិតមែន តែកូនទាំង២បានភ្ជាប់ពាក្យចាស់ទុំដឹងឮ ជាគូអនាគតរបស់ពួកគេដែរ ហើយអ្នកទាំង២ស្រឡាញ់គ្នា យល់ចិត្តគ្នាណាស់ តែអកុសលពួកគេបានជួបគ្នាតែត្រឹមហ្នឹង ក៏ត្រូវបែកគ្នារហូត ។
នៅក្នុងទិដ្ឋភាពពិធីដង្ហែរសពជនរងគ្រោះទាំង២ ទោះបីទីបញ្ចុះសពនៅឆ្ងាយពីលំនៅឋានជិត២០គីឡូម៉ែត្រក៏ដោយ ក៏គេឃើញក្រុមគ្រួសារសាច់ញាតិ និងប្រជាពលរដ្ឋនៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត បានមកចូលរួមដោយក្តីអាណិតអាសូរបំផុត ។
ដោយឡែក នៅរសៀលនេះ ឃាតក ដៃឆៅឈាមត្រជាក់ បាញ់ប្រហារសម្លាប់មនុស្ស៤នាក់ ដែលបណ្តាលឱ្យបាត់បង់ជីវិត២នាក់ និង២នាក់ទៀតរងរបួស ជនសង្ស័យមានងារ ជាឧកញ៉ា ឈ្មោះ ស្រី សុីណា និងជនសង្ស័យ២នាក់ទៀត ត្រូវបញ្ជូនទៅតុលាការជាមួយឧកញ៉ាខ្មាន់កាំភ្លើងស្រី ស៉ីណា ឈ្មោះ សាន សុខចំរើន អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច អាយុ២៦ឆ្នាំ ដែលពួកគេទាំងពីរនាក់នេះ ម្នាក់ជាអ្នកដឹកឧកញ៉ាទៅធ្វើសកម្មភាព និងម្នាក់ទៀតដឹកឧកញ៉ាក្រោយធ្វើសកម្មភាពរួច ៕
ដោយ ៖ សិលា