លទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន បញ្ចប់ ទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាដ៏មុតមាំក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសម្តែងការគួរសមជាមួយឯកឧត្តម ថាមេន ស្ពានមូហ្គារ៉ាត់ណាម (Tharman SHANMUGARATNAM) ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី នៅមុនជំនួបទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង (Lawrence WONG)។ សម្តេចធិបតី ក៏បានជួបជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី លី សៀនលុង (LEE Hsien Loong) អតីតនាយករដ្ឋ មន្ត្រីសិង្ហបុរីផងដែរ។ កិច្ចពិភាក្សាប្រកបដោយអត្ថន័យទាំងនេះ គ្របដណ្តប់លើវិស័យជាច្រើន រួម មាន សន្តិសុខនយោបាយ ការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ ហិរញ្ញវត្ថុ សន្តិសុខស្បៀង និង ថាមពល ការប្រែប្រួលអាកាសធាតុ ទេសចរណ៍ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឌីជីថលូបនីយកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសិង្ហបុរីបានរំលឹកឡើងវិញនូវមិត្តភាពរវាង ព្រះករុណា ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងអតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ (LEE Kuan Yew) ខណៈប្រទេសទាំងពីរត្រៀមប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ ថ្នាក់ដឹកនាំសិង្ហបុរី បានផ្តាំ ផ្ញើថ្វាយព្រះពរសព្វសាធុការ នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅថ្ងៃទី១៨ ខែមិថុនា។

ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានឯកភាពឱ្យមានការរៀបចំក្នុងពេលឆាប់ៗកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី ទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការប្រយុទ្ធ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ និងការជួញដូរគ្រឿងញៀន និងទន្ទឹងរង់ចាំការចុះហត្ថលេខាក្នុងពេលឆាប់ៗលើអនុស្សរណៈ នៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហការនៅក្នុងវិស័យនេះ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានមូល មតិគ្នា ក្នុងការបន្តការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្ត្រីយោធា ការចែករំលែកព័ត៌មាន បទពិសោធន៍ និង ឧត្តមានុវត្ត។

ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ សម្តេចធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានគូសបញ្ជាក់ថាសិង្ហបុរីស្ថិតក្នុងចំណោមវិនិយោគិនធំជាងគេនៅកម្ពុជា ខណៈសេដ្ឋកិច្ច ប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ នាយករដ្ឋមន្ត្រីទាំងពីរ បាន ឯកភាពជំរុញស្ថាប័នសាធារណៈ និងឯកជនពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យរួមគ្នាកំណត់វិស័យសក្តានុ- ពលនានាសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយចាប់ផ្តើមពីការផលិត និងការផ្គត់ផ្គង់ ស្បៀងអាហារ។

ចំពោះការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានសម្តែងនូវការពេញចិត្តចំពោះការកើនឡើងនៃជើងហោះហើរត្រង់ដល់ចំនួន ៥០ ជើងក្នុងមួយសប្តាហ៍ និងការកើនឡើងនៃចំនួនអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី ទាំងពីរមានទស្សនៈរួម ថាការជំរុញលំហូរទេសចរ រួមទាំងទេសចរពីប្រទេសទីបី ជាវិស័យមួយទៀត ដែលត្រូវពង្រឹង។ ចំពោះវិស័យអប់រំ នាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានសន្យាថានឹងផ្តល់ការគាំទ្របន្ថែម ទៀតដល់ការកសាងសមត្ថភាពទៅតាមតម្រូវការរបស់កម្ពុជា រួមមានការបណ្តុះបណ្តាលគ្រូបង្គោល ក្នុងវិស័យ TVET ផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា។

ក្នុងវិស័យថាមពល និងការប្រែប្រួលអាកាសធាតុ នាយករដ្ឋមន្ត្រីទាំងពីរ បានសាទរ លទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំក្រុមការងារលើកទី១ ដែលមានរដ្ឋមន្ត្រីថាមពលនៃប្រទេសកម្ពុជា សិង្ហបុរី និងឡាវ ជាសហប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ពាណិជ្ជកម្មអគ្គិសនី ឆ្លងកាត់ព្រំដែន។ នាយករដ្ឋមន្ត្រីទាំងពីរ មានការតាំងចិត្តរួម ក្នុងការអនុវត្តគម្រោងនេះឱ្យបាន ជោគជ័យ ដើម្បីជំរុញការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។ ថ្នាក់ដឹកនាំ ទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការឥណទានកាបូន ស្រប តាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងទន្ទឹងរង់ចាំការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តពាក់ព័ន្ធកិច្ចសហប្រតិបត្តិការនេះ ក្នុងពេលឆាប់ៗខាងមុខ។

នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់អំពីសារសំខាន់កាន់តែខ្លាំងឡើងនៃកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា (ICT) និងបច្ចេកវិទ្យាឌីជីថល។ នាយករដ្ឋមន្ត្រីទាំងពីរ បាន រួមគ្នាធ្វើជាសាក្សី និងអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងច្រករបៀង តម្លាភាពហិរញ្ញវត្ថុ (FTC) រវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក្នុងគោលបំណង បង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្រ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការទទួលបានហិរញ្ញប្បទ ដល់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា និងនៅប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីទាំងពីរ បានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងគមនាគមន៍ និងព័ត៌មានសិង្ហបុរី ស្តីពីកិច្ច សហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ក្នុងដំណើរទស្សនកិច្ចនេះ។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗដែលជា ក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរ មានទស្សនៈរួមថា ការរក្សាឯកភាព និងមជ្ឈភាពអាស៊ាន គឺជាកត្តា សំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយគ្នា ឆ្លងកាត់ ភាពស្មុគស្មាញនៃភូមិសាស្ត្រនយោបាយ ដើម្បីធានាថា ឯកភាព និងមជ្ឈភាពអាស៊ាន នៅតែរឹងមាំ ហើយអាស៊ាននៅតែបន្តស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានគូសបញ្ជាក់អំពី ភាពចាំបាច់បន្ទាន់ក្នុងការពន្លឿនបញ្ចប់នូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង។

ដោយមើលឃើញពីសារសំខាន់នៃការចូលរួមរបស់វិស័យឯកជន សម្តេចធិបតី បានអញ្ជើញ ថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលក្នុងឱកាសនោះ សម្តេចធិបតី បានលើកទឹកចិត្តដល់ អ្នកចូលរួមប្រមាណ ៥០០នាក់ ឱ្យស្វែងរកឱកាសធុរកិច្ចនៅកម្ពុជា និងធ្វើការវិនិយោគរួមគ្នាឈ្នះ- ឈ្នះក្នុងវិស័យនានា។ សម្តេចធិបតី បានអញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកវិទ្យាណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍អេឡិចត្រូនិក និងអ៊ុនធឺណិត និងទស្សនាអគារហេដ្ឋារចនាសម្ព័ន្ធរបស់ ក្រុមហ៊ុនកាកែល (Kappel’s Infrastructure@Changi)។ ក្នុងថ្ងៃទីមួយនៃទស្សនកិច្ច សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញទស្សនាសួនអ័រគីដេជាតិ ដែលផ្កាអ័រគីដេបង្កាត់ពូជថ្មីមួយត្រូវបានដាក់ ឈ្មោះ វ៉ាន់ឈីនថេ ហ៊ុន ម៉ាណែត ដើម្បីជាកិត្តិយសគោរពជូនសម្តេចធិបតី។

...

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនគណៈប្រតិភូកម្ពុជា និងបានអញ្ជើញ ឯកឧត្តម ឡរ៉េន វ៉ុង បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលឆាប់ៗ ដែល ឯកឧត្តម ឡរ៉េន វ៉ុង បានទទួល យកដោយក្តីរីករាយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print