សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានផ្តល់អំណោយអង្ករវីតាមីនចំនួន ៤០០ កេសជូនកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានដឹកនាំដោយលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគម បាននាំយកអំណោយអង្ករវីតាមីនចំនួន ៤០០ កេស ជូនកាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។ ពិធីប្រគល់ទទួលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

លោកស្រីអគ្គលេខាធិការបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានបរិច្ចាគអង្ករវីតាមីនចំនួន ៤០០កេសដែលជាការឧបត្ថម្ភលើកទី៣ ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយ សម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

លោកស្រីអគ្គលេខាធិការបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជាទាំងថ្នាក់កណ្តាល និងសាខាទាំងអស់ តែងតែធ្វើការកៀងគរ រកជំនួយពីសប្បុសជននានា ក្នុងឱកាសទិវា ៨ ឧសភា ដើម្បីទុកជួយទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់។ លោកស្រីបានបញ្ជាក់ថា ការកៀងគររកជំនួយនេះដែរ បើសាខាណាមិនមានលទ្ធភាពគ្រប់គ្រាន់ និងផ្តល់ជំនួយទៅដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាទេ ថ្នាក់កណ្តាលនឹងយកទៅបំពេញបន្ថែម ហើយអំណោយទាំងអស់ និងយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋដោយផ្តាល់។ លោកស្រី បញ្ជាក់ថា អំណោយដែលទទួលបានពីសប្បុរសនានា កាកបាទក្រហមកម្ពុជា នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសជនចាស់ជរាឥតទីពឹង និងកុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន និងផ្ទុកមេរោគអេដស៍ជាដើម។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានបានឱ្យដឹងថា លោកស្រីនិងក្រុមការងារ មានការពេញចិត្តគោរពស្រឡាញ់ និងកោតសសើរយ៉ាងខ្លាំងក្លាចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានខិតខំប្រឹងប្រែងជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្សត់ខ្សោយ និងជួបទុក្ខលំបាកបានទាន់ពេលវេលា។ លោកស្រី ជឿជាក់ថាអង្ករវីតាមីនទាំងនេះ នឹងទៅដល់ដៃប្រជាពលរដ្ឋងាយគ្រោះ និងជួយឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ហើយលោកស្រីនិងបន្តជួយដល់ កាកបាទក្រហមកម្ពុជា នូវអង្ករវីតាមីននេះជាបន្តបន្ទាប់ទៀត។

សូមជម្រាបថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានឧបត្ថមអង្ករវីតាមីនដល់កាកបាទក្រហមកម្ពុជាចំនួន ៣ លើករួចមកហើយ ដោយលើកទី១ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៦ ឧបត្ថមអាហារវីតាមីនចំនួន២០០កេស, លើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឧបត្ថមអង្ករវីតាមីនចំនួន ២០០ កេស, និងលើកទី៣ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានឧបត្ថមអង្ករវីតាមីនចំនួន ៤០០កេស៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print