ខេត្តត្បូងឃ្មុំ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ខមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ “យើងត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស ឋិតថេរ ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ “។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ “ប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថា មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្ដួល
រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានការបង្កើតអង្គការចាត់តាំង ខាងយោធាដំបូងនៅថ្ងៃទី ១២ ឧសភា ១៩៧៨ មានការបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩; មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាននយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា នាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញនៅទូទាំងប្រទេស ។នេះ គឺជាសច្ចភាពប្រវត្តិសាស្ត្រ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ “។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ” សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ! ការបំផ្លាញសន្តិភាព មិនពិបាកទេ តែការបង្កើតឱ្យមានសន្តិភាព គឺពិបាកណាស់!” ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤»នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៤។
សម្តេចធិបតីបានបញ្ជាក់ថា “បច្ចុប្បន្ននយោបាយនៅតែដើរតួនាទីយ៉ាងសំខាន់នៃការផ្ដល់ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល ដែលតែងតែផ្ដល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់ប្រជាជនតាមរយៈឈ្នះឈ្នះ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដែលធានានូវការបែងចែកផលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋគ្រប់រូប “។
សូមបញ្ជាក់ថា ៖ មន្រ្តីរាជការ ក៏ដូចជានាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ បានគាំទ្រឲ្យមានការប្រារព្ធ«ទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» ជារៀងរហូត ដោយពួកគេចាត់ទុកថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះហើយដែលបាននាំឲ្យកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។
ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ចាត់ទុលវីរភាពតស៊ូដ៏មោះមុតរបស់សម្ដេចតេជោ មានតម្លៃមិនអាចកាត់ថ្លៃបាន និងចង់ឲ្យយុវជនជំនាន់ក្រោយយកជាគំរូដល់ខ្មែរគ្រប់ជំនាន់ ៕