Update! ឈ្មួញឈើ កោះ សុភី ហៅហយ មិនអាចរួចផុតពីសំណាញ់ច្បាប់ ខណៈសមត្ថកិច្ចបន្តចាប់យក ប្រមូលវត្ថុតាងបទល្មើសព្រៃឈើ ជាបន្តបន្ទាប់ !

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បន្តប្រតិបត្តិការ យ៉ាងក្ដៅគគុកដើម្បីប្រមូលវត្ថុតាងបន្ថែម ពាក់ព័ន្ធបទល្មើសព្រៃឈើរបស់ឈ្មួញឈ្មោះ កោះ សុភី ហៅហយ ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ដែលមានអាសយដ្ឋាន  បច្ចុប្បន្ននៅភូមិចាមចាស់ ភូមិកប្បាស និងភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបង្ហើបថា ៖ វត្ថុតាង(ឈើ)ចម្រុះមួយចំនួនធំ និងទ្រុងរថយន្តប្រភេទវេអងមានផ្ទុកឈើបានយកមកដល់ខណ្ឌហើយ ជាបឋមសរុបប្រមាណជាង៤០ម៉ែត្រត្រីគុណ ហើយខណៈនេះដែរ ស្ថាប័នជំនាញពាក់ព័ន្ធកំពុងសហការជាមួយមន្រ្តីជំនាញសុរិយោដីចុះស្រាវជ្រាវផ្ទះសម្បែង និងដីធ្លី ក្នុងនោះបានរកឃើញចំនួន០៦កន្លែង ស្ថិតនៅឃុំឈើតុំ និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា ៖ នៅឃុំអន្លង់ត្នោតចំនួន០២កន្លែង និងឃុំឈើតុំចំនួន០៤កន្លែង)។

ករណីនេះប្រសិនបើសមត្ថកិច្ចរកឃើញម្ចាស់កម្មសិទ្ធិ ឈ្មោះ កោះ សុភី ហៅហយ អាចនឹងដកហូតទុកជាសម្បត្តិរដ្ឋ ព្រោះជាប់ពាក់ព័ន្ធរបរបំផ្លិចបំផ្លាញព្រៃឈើ ហើយអាចមានទោសទណ្ឌដល់ខ្លួនថែមទៀតផង ។

គួររំលឹកផងដែរ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ បានដាក់ពាក្យស្នើសុំ(ពាក្យស្នើសុំដីកាអនុញ្ញាតឲ្យឆែកឆេរ) លេខ៥១២៧ រប/២៤ ចុះថ្លៃទី១៤ខែមិថុនា ឆ្នាំ២០២៤ ចេញដោយលោក ប៊ុង តាំងទី ទៅប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ស្នើសុំដីកាអនុញ្ញាតឲ្យឆែកឆេរទីតាំងឃ្លាំងដែលមានលេខនិយាមការ UTM (410526-1359708)ដែលជាកម្មសិទ្ធិឈ្មោះ កោះ សុភី ហៅហយ ភេទប្រុស អាយុ៦១ឆ្នាំ ស្ថិតនៅភូមិដង្គៀបក្ដាម ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ។ បើយោងតាមរបាយការណ៍របស់មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើ(ឈើតុំ)ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ។ តបតាមកម្មវត្ថុ និងយោងខាងលើ មេព្រៃសង្កាត់រដ្ឋបាលព្រៃឈើ(ឈើតុំ)បានសុំការស៊ើបអង្កេតបឋម មកតំណាងអយ្យការ និងសុំអនុញ្ញាតឆែកឆេរឃ្លាំងឈ្មោះ កោះ សុភី ហៅហយ ដែលបានស្តុកឈើនិងវត្ថុតាងផ្សេងៗដែលសង្ស័យពាក់ព័ន្ធនឹងការស្តុកឈើខុសច្បាប់ ហើយម្ចាស់ទីតាំងមិនព្រមសហការជាមួយកម្លាំងចម្រុះ និងតាមដីកាសម្រេចអនុញ្ញាតឱ្យឆែកឆេរលំនៅឋានឬរុករកវត្ថុតាងលេខ២៣១១ ពសប្រឆ២៤ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ចេញដោយលោក លី ចន្ថា ជ.ប្រធានសាលាដំបូង សម្រេចអនុញ្ញាតការស្នើសុំខាងលើ ។

ក្នុងដីកាសម្រេចអនុញ្ញាតឱ្យឆែកឆេរលំនៅឋាន ឬរុករកវត្ថុតាង១សន្លឹកផ្សេងទៀតដែលមានលេខ៥៣៥ពសប្រឆ២៤ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ចេញដោយលោក លី ចន្ថា ជ.ប្រធានសាលាដំបូង សម្រេចឱ្យឆែកឆេរលំនៅឋាន(ឃ្លាំង)ឈ្មោះ កោះ សុភី ហៅហយ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមាននៅចំណុចនិយាមការUTM(410384-1359553)ភូមិកប្បាស ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីរុកវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសខាងលើ ។ ចំណែកដីកាអនុញ្ញាតឱ្យឆែកឆេរលំនៅឋានឬរុករកវត្ថុតាង១សន្លឹកផ្សេងទៀត លេខ៥៣៦ពសប្រឆ២៤ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ចេញដោយលោក លី ចន្ថា ជ.ប្រធានសាលាដំបូង សម្រេចបង្គាប់ឱ្យឆែកឆេរលំនៅឋានឬរុករកវត្ថុតាង(ឃ្លាំង)ឈ្មោះ កោះ សុភី ហៅហយ ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានចំណុចនិយាមការUTM(411058-1358816)ភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីរុករកវត្ថុតាងពាក់ព័ន្ធបទល្មើសខាងលើ ។

ពាក់ព័ន្ធករណីខាងលើ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំបានឱ្យដឹងតាមទូរស័ព្ទកណ្ដាលថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះថា ៖ សម្ភារវត្ថុតាង ដឹកជញ្ជូនមិនទាន់អស់នៅឡើយទេ កងកម្លាំងយាមកាមក៏មិនទាន់ដកថយនៅឡើយដែរ ។
បុគ្គលខាងលើជាមេខ្លោងបទល្មើសព្រៃឈើធំបំផុត ប្រចាំខេត្តពោធិ៍សាត់ ប៉ុន្តែសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ ក្នុងការបង្ក្រាបហាក់ យឺតយ៉ាវបន្តិចទៅហើយ ប៉ុន្តែសូមគាំទ្រចំពោះចំណាត់ការជាក់ស្តែងនេះ៕

...

ដោយ ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print