ក្រោយការបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី អូស្រ្តាលីចង់ឱ្យកិច្ចសន្ទនាបន្តឡើងវិញរវាងប្រមុខការពារជាតិប្រទេសទាំងពីរ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយថា ប្រទេសរបស់លោកមានបំណងចង់ចាប់ផ្តើមកិច្ចសន្ទនាប្រចាំឆ្នាំឡើងវិញជាមួយប្រមុខការពារជាតិរបស់ចិន ដើម្បីកាត់បន្ថយការយល់ច្រឡំគ្នារវាងយោធានៃប្រទេសទាំងពីរ។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Qiang នៅទីក្រុងកង់បេរ៉ា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយថា ប្រទេសទាំងពីរនឹងចាប់ផ្តើមបោះជំហានដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងយោធាក្រោមគោលដៅចៀសវាង ការកើតមានឡើងនៃឧប្បត្តិហេតុផ្សេងៗ ប៉ុន្តែពេលនោះ លោក Albanese មិនបានបញ្ជាក់លម្អិតទេ។
បើតាមលោក Marles ទោះបីកិច្ចសន្ទនាការពារជាតិមួយចំនួនបានបន្តឡើងវិញក៏ដោយ ក្រោយការធ្លាក់ដុនដាបខ្លាំងនៃទំនាក់ទំនង វាមិនទាន់ត្រូវបានស្តារឱ្យដល់កម្រិត ដូចកាលពី១០ឆ្នាំមុននៅឡើយទេ នៅពេលដែលប្រមុខការពារជាតិ ជួបមុខគ្នាជាប្រចាំ។ លោក Marles បានសង្កត់ធ្ងន់ថា ការបន្តកិច្ចសន្ទនាឡើងវិញរវាងប្រមុខការពារជាតិអូស្រ្តាលី-ចិន នឹងអាចជួយបញ្ចៀសឧប្បត្តិហេតុដែលមិនចាំបាច់ ទោះពុំអាចដោះស្រាយបញ្ហាស្នូលស៉ីជម្រៅដែលប្រទេសទាំងពីរអាចមានជាមួយគ្នា ក៏ដោយ។
ក្នុងឧប្បត្តិហេតុមួយកាលពីខែឧសភាកន្លងទៅ យន្តហោះចម្បាំងចិន១គ្រឿងបានទម្លាក់ផ្កាភ្លើងនៅក្បែរឧទ្ធម្ភាគចក្រយោធា១គ្រឿងរបស់អូស្រ្តាលី ក្នុងដែនអាកាសអន្តរជាតិលើតំបន់សមុទ្រលឿង ដែលអូស្រ្តាលីចាត់ទុកជាសកម្មភាពដ៏គ្រោះថ្នាក់មួយ។ ដោយឡែក ចិនបាននិយាយថា វាគឺជាការព្រមានកុំឱ្យអូស្រ្តាលី បំពានចូលដែនអាកាសរបស់ខ្លួន។ រីឯកាលពីខែវិច្ឆិកា ឆ្នាំមុន អូស្រ្តាលីបានឱ្យដឹងថា នាវាយោធាចិន១គ្រឿងបានបង្ករបួសដល់ក្រុមអ្នកមុជទឹករបស់ខ្លួនក្នុងដែនទឹកប្រទេសជប៉ុន តាមរយៈការប្រើប្រាស់ប្រព័ន្ធសូណា។
លោក Liu Jianchao ប្រធាននាយកដ្ឋានអន្តរជាតិ នៃគណបក្សកុម្មុយនិស្តចិន បាននិយាយអំឡុងទស្សនកិច្ចមួយមកកាន់ប្រទេសអូស្រ្តាលី កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ថា សកម្មភាពរបស់យោធាអូស្រ្តាលីនៅឯតំបន់សមុទ្រចិនខាងត្បូង ក៏ដូចជាសមុទ្រចិនខាងកើត ហាក់ដូចជាកិច្ចប្រឹងប្រែងមួយ ដើម្បីរាំងខ្ទប់ឥទ្ធិពលរបស់ចិន ខណៈការលើកឡើងនោះត្រូវបានអូស្រ្តាលីច្រានចោល៕ ដោយធីរីណា

...

រូប​ថត​: thx

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print