ភ្នំពេញ ៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៥ នាក់និងបក្ខពួក ពីបទ ជួញដូរ, រក្សាទុក, ដឹកជញ្ជូន, និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសំអាតប្រាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ ១៤៨ គីឡូក្រាម។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់លើជនបរទេស ចំនួន ចំនួន ០៥ នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ ១៤៨ គីឡូក្រាម របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចទីតាំងទី១ លើផ្លូវបេតុង ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទីតាំងទី២ នៅចំណុច បុរីអ័រគីទេ ផ្ទះលេខ BRC 003 ផ្លូវផ្កាក្រវ៉ាន់ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ទីតាំងទី៣ នៅចំណុចខុនដូរ 8 PRECIOUS RUBY (បន្ទប់លេខ៥០៣) ផ្លូវលេខ៣២០ ភូមិ៧ សង្កាត់បឹងកេងកងទី៣ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងទីតាំងទី៤នៅចំណុចបុរីអ័រគឺខេ ផ្ទះលេខ BSG-091 ផ្លូវ The Greenery ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ និងដកហូតវត្ថុតាងពីជនសង្ស័យ ១.ឈ្មោះ FAN YUAN KUEI (ហ្វាន យានគួយ) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ២.ឈ្មោះ FANG CHENG JUN (ហ្វាង និងជីន) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ៣.ឈ្មោះ HSU CHENG HAO (ស៊ូ ឈិនហៅ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ៤.ឈ្មោះ HUANG HEJIAN (ហឹង ហឺជៀន) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន និង៥.ឈ្មោះ NOMORA SOKICHI (ណូម៉ូរាំ សួគ៌ជី) ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិជប៉ុន នូវសារធាតុញៀន ជាប្រភេទ កេតាមីន ទម្ងន់ ១៤៥.៨១៦,៨០ ក្រាម និងសារធាតុញៀនមិនច្បាស់លាស់ ទម្ងន់ ១.៩៤៤ ក្រាម ព្រមទាំងភស្តុតាង មួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង០៥នាក់ខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៥ នាក់ខាងលើ និងបក្ខពួក ពីបទ ជួញដូរ, រក្សាទុក, ដឹកជញ្ជូន, និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសំអាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា ៤៥ មាត្រា ៤៨ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ ៖ សិលា