សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា គ្រោះអគ្គិភ័យបានឆាបឆេះរោងចក្រផលិតថ្ម lithium មួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ ហើយបានបង្កឱ្យមនុស្សយ៉ាងហោចណាស់21នាក់ បាត់បង់ជីវិត ខណៈដែល៥នាក់ផ្សេងទៀតបាត់ខ្លួន។
គ្រោះអគ្គិភ័យនោះបានកើតឡើង នាវេលាម៉ោងខ្ទង់១០៖៣០នាទីព្រឹកថ្ងៃចន្ទនេះ នៅឯរោងចក្រមួយរបស់ក្រុមហ៊ុនផលិតថ្មកូរ៉េខាងត្បូង Aricell ក្នុងទីក្រុង Hwaseong ភាគខាងត្បូងរដ្ឋធានីសេអ៊ូល។ មកទល់ពេលនេះ អគ្គិភ័យត្រូវបានពន្លត់ទៅវិញហើយ។ យោងតាម លោក Kim Jin-young ដែលជាអាជ្ញាធរផ្នែកពន្លត់អគ្គិភ័យប្រចាំក្រុង Hwaseong បានឱ្យដឹងថា ភ្លើងបានចាប់ផ្តើមឆេះ ក្រោយពីថ្ម lithium បានផ្ទុះបន្តកន្ទុយគ្នាក្នុងឃ្លាំងស្តុកមួយកន្លែង ប៉ុន្តែអ្វីដែលបង្កឱ្យពួកវាផ្ទុះឡើងបែបនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
បើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap សាកសពប្រមាណ២០នាក់ត្រូវបានរកឃើញ នៅក្នុងរោងចក្រនោះ ប៉ុន្តែលោក Kim បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សត្រឹម21នាក់ប៉ុណ្ណោះ បានបាត់បង់ជីវិត ហើយ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ ជាមួយគ្នានេះ ក្រុមសង្រ្គោះកំពុងព្យាយាមស្វែងរកមនុស្ស៥នាក់ផ្សេងទៀត ដែលបានបាត់ខ្លួន៕ ដោយធីរីណា
រូបថត: vtcnews