ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្ដាជ្រាបថា ៖ នៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធសកម្មភាពប្រើប្រាស់ អាវុធដើម្បីយកមកបាញ់ ខ្លួនឯងផ្ទាល់ ដោយសារចង់បញ្ជាក់អំពីក្បួនវេទនម្តខ្លាំងក្លាបង្ហាញដល់អ្នកដទៃមើលថាខ្លួនពូកែ ។ បន្ទាប់ពីឃើញការផ្សព្វផ្សាយព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅគ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញការប្រើប្រាស់អាវុធ ដើម្បីរងចាំសុំគោលការណ៍អនុវត្តបន្តពី លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ជាមួុយគ្នានោះបើតាមសមត្ថកិច្ចសួរនាំគឺគាត់សារភាពថារូបភាពខាងលើនេះគឺបានបង្ហោះកាលពីខែមេសាឆ្នាំ២០២២មកម្លេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្ដាជ្រាបជាព័ត៌មាន ។
សូមបញ្ជាក់ថា ៖ គ្រូមន្តអាគម សច្ចៈវីរោន ណុប សក្កដា ហៅគ្រូ ផេះគ្រូអង្កាម អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បានចេញលិខិតសុំទោសជាសាធារណៈ ក្រោយវីដេអូបាញ់ខ្លួនឯងមិនធ្លុះត្រូវបានបង្ហោះលើហ្វេសបុក និងមានការចែកចាយព្រោងព្រាត។
គ្រូ ផេះគ្រូអង្កាម បានសុំមេត្តាអនុគ្រោះយោគយល់ដល់លោកដែលជាមនុស្សល្ងិតល្ងង់ មិនស្គាល់អំពីច្បាប់ទម្លាប់ ហើយសូមធ្វើការសន្យាថា មិនឲ្យមានសកម្មភាព ឬរូបភាពបែបនេះដែលប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ ក៏ដូចជាសេចក្តីថ្លៃថ្នូរ កើតមាននៅកម្ពុជាទៀតឡើយ ៕
ដោយ ៖ សិលា