ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញទៅដល់សាកលវិទ្យាល័យផ្សេងទៀត ចូលជាសមាជិកបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នាព្រឹថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី មានប្រសាសន៍ថា ៖ ការចូលជាសមាជិកនៃបណ្ដាញសាកលវិទ្យាល័យនេះគឺ ដើម្បីជាប្រយោជន៍ដល់ការស្រាវជ្រាវនិងការសិក្សារបស់និស្សិតរបស់កម្ពុជា។
បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) ត្រូវបានបង្កើតឡើងក្នុងគោលបំណង បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សាក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ, ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់នូវផ្ទាលអបរំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យ ជាសមាជិក, ផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់និងសាកលលោក។
គិតចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាមាន គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចំនួន ១២ បានចូលជាសមាជិក។
សម្តេចធិបតី បានលើកឡើងថា ៖ គោលនយោបាយក្នុងការកំណែទម្រង់របស់សម្ដេចលើវិស័យអប់រំអាចទទួលបានជោគជ័យ គឺអាស្រ័យលើសេនាធិការដែលមានភាពរឹងមាំ ច្បាស់លាស់ និងប្រកបដោយបុរេសកម្ម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សម្ដេចគ្រាន់តែជាអ្នកដាក់ចេញនូវចក្ខុវិស័យ និងទស្សនៈទានតែប៉ុណ្ណោះ ប៉ុន្ដែការអនុវត្ត រៀបចំគោលនយោបាយ ផែនការសកម្មភាព និងដឹកនាំជាក់ស្ដែង គឺស្ថិតនៅលើសេនាធិការច្បាស់លាស់ ពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាតែម្ដង។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានតែដាក់ចេញនូវចក្ខុវិស័យ និងទស្សនៈទាន ប៉ុន្ដែការអនុវត្ត និងការរៀបចំនូវគោលនយោបាយ និងផែនការសកម្មភាព ការដឹកនាំអនុវត្តជាក់ស្ដែង គឺតម្រូវឲ្យសេនាធិការច្បាស់លាស់ ហើយមកដល់ពេលនេះក្រសួងអប់រំ បានដើរតួនាទីសំខាន់ ហើយខ្ញុំជឿថាគោលនយោបាយរបស់ខ្ញុំអាចអនុវត្តទៅបានជោគជ័យ ព្រោះមានសេនាធិការរឹងមាំ ច្បាស់លាស់ និងប្រកបដោយកម្លាំងថាមពល ភាពច្នៃប្រឌិត ភាពបុរេសកម្ម»។
ជាក់ស្ដែង ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា ភិបាល កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា ឲ្យស្របតាម ការ រីកចម្រើនផ្នែកបច្ចេកវិទ្យា។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបណ្ដាសាកលវិទ្យាល័យនីមួយៗ ព្រមទាំងនិស្សិតផ្ទាល់ដែលបានខិតខំ និងបង្ហាញនូវសមត្ថភាពរបស់ខ្លួន ជាពិសេសផ្នែកវិទ្យាសាស្ដ្រ។ សម្ដេចបន្ដថា បើទោះបីមិនទាន់មានលទ្ធភាព ក្នុងការអភិវឌ្ឍទៅផ្នែកពាណិជ្ជកម្មធំៗយ៉ាងណាក្ដី ប៉ុន្ដែក្រសួងអប់រំ សាកលវិទ្យាល័យ និងនិស្សិត បានប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យានេះ៕