ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលបន្ទុកខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍ និងនាំយកដ្រូនដើម្បីបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងបង្ហាញប្រជាកសិករ នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី សំណាក់លោកខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ ប្រធានមន្ទីរកសិកម្ម មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន។
ការបន្តចុះពិនិត្យអន្តរាគមន៍នេះ ធ្វើឡើងក្នុងគោល បំណងសិក្សានិងវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង ហើយណែនាំដល់ប្រជាកសិករដែលចូលរួមប្រមាណជិត២០០គ្រួសារ អំពីរបៀបប្រើថ្នាំកសិកម្មបាញ់កម្ចាស់ដង្កូវ ក្នុងតម្លៃសមរម្យ ហើយមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់រងផលប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញដំណាំស្រូវប្រជាកសិករតិចជាងគេ ក្នុងចំណោម១៥ផ្សេងទៀត ដោយសារមានការទប់ស្កាត់បានទាន់ពេល ធ្វើឱ្យកាត់ផ្តាច់ការវាយលុកនិងការរីករាលដាលរបស់ដង្កូវ ទាំងតំបន់ដែលដង្កូវវាយលុក និងតំបន់ផ្សេងៗដែលកសិករបាញ់ថ្នាំកសិកម្មទប់ស្កាត់។
ទោះជាយ៉ាងណាលោកអនុរដ្ឋលេខាធិការក៏អំពាវនាវទៅដល់កសិករទាំងអស់ត្រូវចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះ ស្ថិតនៅក្នុងដំណាក់កាលផ្ទុះឡើងនៅដង្កូវហ្វូងនៅឡើយ។ បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យឱ្យបានទាន់ពេលទេ ដង្កូវហ្វូងនោះអាចបំផ្លាញដំណាំស្រូវក្នុងរយៈពេល២ទៅ៣ថ្ងៃអស់តែម្តង។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ បន្ថែមថា បើប្រជាកសិករជួបប្រទះនិងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំនងទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ។
បើមិនមានការប្រែប្រួលទេលោកបញ្ជាក់ថា តាមការបញ្ជាផ្ទាល់ពីលោកឌិត ទីណា រដ្ឋមន្ត្រី ចាប់ពីថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមការងារក្រសួង រួមទាំងអាជ្ញាធរពាក់ព័ន្ធនៅទូទាំងប្រទេស នៅ តែបន្តចុះយ៉ាងសស្រាក់សស្រាំយទៅគ្រប់ទីតាំងដែលមានការផ្ទុះរាតត្បាតដង្កូវហ្វូងបំផ្លាញ់ដំណាំស្រូវ ដើម្បីធ្វើការណែនាំអំពីរបៀបប្រើប្រាស់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងជូនប្រជាកសិកម្មឱ្យបានជោគជ័យ៕