ភ្នំពេញ ៖ ម្ចាស់ហាងបានហៅជាងផ្សារដែកមកជួលជុលដំបូល ខណៈកំពុងផ្សារស្រាប់តែខ្ទាតផ្កាភ្លើងលើដំបូលបណ្តាលឱ្យឆាបឆេះផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង២០នាទីព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចអតីតហាងប្រេនឌី នឹង ភោជនីយដ្ឋាន បង តាមបណ្តោយផ្លូវលេខ ២៦៥ កែងផ្លូវលេខ ១៩២ ក្នុងសង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមជាងផ្សារដែកមានគ្នា ០២ទៅ០៣នាក់ បានមកជួសជុលដំបូលហាង ហើយខណៈនោះសង្ស័យជាងផ្សារដែកខ្វះការប្រុងប្រយ័ត្នបានផ្សារដំបូលខ្ទាតផ្កាភ្លើងទៅលើក្រណាត់ បណ្តាលអោយមានផ្សែងហុយខ្មួលខ្មាញ់ កើតជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋប្រញាប់រាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
អគ្គិភ័យខាងលើបានបង្កការខូចខាតអតីតហាងយីហោ ប្រេនឌី ទាំងស្រុង នឹង ភោជនីយដ្ឋាន បង ខូចខាតស្ទើរតែទាំងស្រុង និងឆាបឆេះម៉ូតូអស់ចំនួន០១គ្រឿង ព្រមទាំងបង្កអោយកងកម្លាំងដែលកំពុងបាញ់ទឹកពន្លត់រងរបួសជើងដោយសារជាន់អំបែងកញ្ចក់ និងបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផង
ដែរ ។
ករណីខាងលើនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអស់ជាច្រើនគ្រឿង ទើបបាញ់ទឹកពន្លត់រលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងបានសន្និដ្ឋានថា គឺបណ្តាលមកពីជាងផ្សារដែកធ្លាក់កម្ទេចផ្កាភ្លើងទៅដំបូលជាក្រណាត់ ទើបបង្កអោយមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះតែម្តង ៕ ដោយ ៖ រ៉ារ៉ា