អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ៖ ថ្ងៃទី២២ ខែមិថុនា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូជាមួយលោក Valdis Dombrovskis អនុប្រធានប្រតិបតិ្តនិងជាសមាជិកពាណិជ្ជកម្មនៃគណៈកម្មាធិការសហភាពអឺរ៉ុបតាមការណាត់ ។ ភាគីទាំងពីរបានពិគ្រោះពិភាក្សានិងកំណត់ថា នឹងចាប់ដំណើរការនូវការពិគ្រោះពិភាក្សាចំពោះការស៊ើបអង្កេតប្រឆាំងឧបត្ថម្ភកធនទៅលើរថយន្តអគ្គីសនីរបស់ប្រទេសចិនដែលបង្កឡើងដោយសហភាពអឺរ៉ុប ។ប្រកានេះ បានបង្ហាញថា ភាគីទាំងពីរចិននិងសហភាពអឺរ៉ុបសុទ្ធតែមានបំណងគ្រប់គ្រងវិវាទផ្នែកពាណិជ្ជកម្មតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ដើម្បីចៀសវាងកុំឱ្យប៉ះពាល់ដល់ស្ថានការណ៍ជាទូទៅនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។
«CCFR China state-controlled media » បញ្ជាក់ថា ៖ នៅចុងសប្តាហ៍នេះ លោក Robert Habeck ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងការពារអាកាសធាតុនៃប្រទេសអាល្លឺម៉ង់ បានបំពេញទស្សនកិច្ចនៅប្រទេសចិន ។ ខណៈពេលជួបសន្ទនាជាមួយភាគីចិន លោក Habeck បានថ្លែងថា ក្នុងបរិបទបែបនេះ ការដំឡើងពន្ធគយគឺជាមធ្យោបាយយ៉ាប់យ៉ឺនបំផុត វានឹងធ្លាក់ក្នុងវដ្តដ៍អាក្រក់នៃការឡើងកម្តៅវិវាទពាណិជ្ជកម្ម មានតែធ្វើកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ទើបជាមធ្យោបាយដោះស្រាយបញ្ហា ។ ពាក្យសំដីនេះបានតំណាងឱ្យអាកប្បកិរិយាយប្រឆាំងអឺរ៉ុបដំឡើងពន្ធគយរបស់បក្សពួកមានវិចារណញ្ញាណនៅផ្ទៃក្នុងអឺរ៉ុប ពួកគេមានការយល់ដឹងយ៉ាងច្បាស់ចំពោះផលវិបាកយ៉ាងធ្ងន់ធ្ងរដែលប្រហែលបណ្តាលមកពីករណីនេះ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីអឺរ៉ុបបានបង្កវិវាទផ្នែកពាណិជ្ជកម្មជាមួយប្រទេសចិនឥតឈប់ឈរ ។ ត្រឹមតែចូលឆ្នាំ២០២៤មក អឺរ៉ុបក៏បានដាក់ចេញវិធានការរឹតត្បិតចំពោះការវិនិយោគពាណិជ្ជកម្មរបស់ចិនចំនួន៣១ផ្នែក ដែលបណ្តាលឱ្យវិវាទពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបឡើងកម្តៅឥតឈប់ឈរ ។ សូមយកវិធានការសំដៅចំពោះរថយន្តអគ្គិសនីរបស់ចិនជាឧទាហរណ៍ អឺរ៉ុបបានបង្កឡើងនូវអ្វីដែលហៅថា ការស៊ើបអង្កេតប្រឆាំងឧបត្ថម្ភកធន ហើយបានប្រកាសថាគ្រោងនឹងដំឡើងពន្ធគយ ទង្វើជាច្រើនរបស់អឺរ៉ុបសុទ្ធតែល្មើសនឹងក្រឹត្យក្រមសេដ្ឋកិច្ចនិងគោលការណ៍ទីផ្សារ ។
មជ្ឈដ្ឋានខាងក្រៅបានមើលឃើញយ៉ាងច្បាស់ថា ពាក្យសំដីរបស់ភាគីអឺរ៉ុប ដែលថាចង់ “គាំពារសមភាពក្នុងការប្រកួតប្រជែង ”គឺគ្មានភស្តុតាងអ្វីទាល់តែសោះ ។ ភាគីអឺរ៉ុបគ្រាន់តែចង់ប្រើពាក្យសំដីបែបនេះធ្វើជាលេស ដើម្បីបំផ្លិចបំផ្លាញសមភាពក្នុងការប្រកួតប្រជែង និងគាបសង្កត់គូប្រជែងតាមរយៈការពារនិយមផ្នែកពាណិជ្ជកម្ម ក្នុងន័យទប់ស្កាត់និន្នាការណ៍អភិវឌ្ឍឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិន ក៏ដូចជារារាំងការលើកកម្ពស់លំដាប់ថ្នាក់ឧស្សាហកម្មរបស់ប្រទេសចិនផងដែរ ។ ព្រមពេលជាមួយគ្នានេះ ក៏បានឆ្លើយតបយ៉ាងសកម្មនឹងអាមេរិកដែលជាសម័្ពន្ធមិត្តរបស់ខ្លួន ។
អ្វីដែលគួរឱ្យអស់សំណើចគឺភាគីអឺរ៉ុបបានអះអាងថា ការដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិន គឺដើម្បី “ការពារ”ឧស្សាហកម្មរថយន្តរបស់អឺរ៉ុប ប៉ុន្តែ ប៉ុន្មានថ្ងៃកន្លងទៅនេះ សំឡេងរិះគន់របស់មជ្ឈដ្ឋាននយោបាយនិងឧស្សាហកម្មរបស់អឺរ៉ុប បានលាន់ឮខ្ទរខ្ទាជាបន្តបន្ទាប់ ។ លោក Volker Wissing រដ្ឋមន្ត្រីក្រសួងឌីជីថលូបនីយកម្មនិងគមនាគមន៍អាល្លឺម៉ង់បានលើកឡើងថា មធ្យោបាយសម្រាប់ធ្វើឱ្យរថយន្តកាន់តែថោក គឺគួរមានការប្រកួតប្រជែងកាន់តែច្រើន ទីផ្សារកាន់តែបើកចំហ និងលក្ខណៈសម្បតិ្តផលិតកម្មដែលត្រូវបានកែលម្អយ៉ាងច្បាស់លាស់ តែមិនមែនធ្វើសង្គ្រាមពាណិជ្ជកម្មនិងបំបិទទីផ្សារនោះឡើយ ។ ឥស្សរជនមជ្ឈដ្ឋានឧស្សាហកម្មរថយន្តអឺរ៉ុបបានគូសបញ្ជាក់ថា ការលើកបន្តុករបាំងពន្ធគយចំពោះរថយន្តអគ្គិសនីចិន នឹងបង្ខូចផលប្រយោជន៍របស់អ្នកប្រើប្រាស់អឺរ៉ុប បំផ្លាញកិច្ចសហប្រតិបតិ្តការរវាងអឺរ៉ុបនិងចិនលើវិស័យខ្សែសង្វាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មរថយន្ត ហើយក៏នឹងបង្អង់ល្បឿននៃការធ្វើបរិវត្តកម្មភាពបៃតងនិងកាបូនទាបរបស់អឺរ៉ុប ។ វាច្បាស់ណាស់ថា អឺរ៉ុបដំឡើងពន្ធគយមិនសមស្របនឹងផលប្រយោជន៍ជាទូទៅរបស់អឺរ៉ុបឡើយ ។
ការពារនិយម មិនអាចការពារដល់កម្លាំងប្រកួតប្រជែងបានឡើយ ។ ឧស្សាហកម្មថាមពលថ្មីរបស់ចិនបានរីកចម្រើនឡើងក្នុងការប្រកួតប្រជែងទីផ្សារយ៉ាងក្តៅគគុក មិនមែនបានមកដោយប្រាក់ឧបត្ថម្ភធនទេ ហើយក៏មិនមែនបានមកដោយការប្រកួតប្រជែងអសមភាពនោះដែរ ។ ប្រទេសចិនមិនចង់ឃើញការឡើងកម្តៅវិវាទពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប រីករាយយកចិត្តទុកដាក់ដល់កង្វល់សមហេតុផលរបស់គូភាគីតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ហើយប្រើប្រាស់វិធីប្រកបដោយវិចារណញ្ញាណនិងជំនាញក្នុងការដោះស្រាយបញ្ហា ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏រំពឹងថា អឺរ៉ុបអាចដើរស្របតាមទិសដៅជាមួយចិន ឈានដល់លទ្ធផលមួយដែលភាគីទាំងពីរសុទ្ធតែអាចទទួលយកបាន និងសមស្របនឹងផលប្រយោជន៍ទ្វេភាគី តាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ៕