ភ្នំពេញ ៖ គ្រូមន្ដអាគមន សច្ចៈវីរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ត្រូវបាននគរបាលសម្រេចឃាត់ខ្លួន និងបញ្ជូនទៅតុលាការហើយ ពាក់ព័ន្ធប្រើកាំភ្លើងខុសច្បាប់។
ពាក់ព័ន្ធកាំភ្លើងនេះ គ្រូមន្ដអាគម បានសារភាពថា ខ្លួនរើសបានកាបូបមួយ រួចហើយឃើញមានកាំភ្លើងខ្លីក្នុងនោះមួយដើម ទើបយកមកប្រើប្រាស់ជាគ្រូបាញ់មិនធ្លុះតែម្ដង។ លុះបាញ់រួចបានយកទៅបោះចោលនៅខេត្តក្រចេះ។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងនគរបាលជំនាញកំពុងបន្ដស្រាវជ្រាវតាមនីតិវិធី។
សូមជម្រាបថា ៖ ក្រោយវីដេអូត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម គ្រូមន្តអាគម សច្ចៈវីរោន ណុប សក្កដា ហៅគ្រូ ផេះគ្រូអង្កាម អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បានចេញលិខិតសុំទោសជាសាធារណៈផងដែរ។
សូមរម្លឹកថា ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្ដាជ្រាបថា:នៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម ពាក់ព័ន្ធសកម្មភាពប្រើប្រាស់ អាវុធដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ដោយសារចង់បញ្ជាក់អំពីក្បួនវេទនម្តខ្លាំងក្លាបង្ហាញដល់អ្នកដទៃមើលថាខ្លួនពូកែ ។ បន្ទាប់ពីឃើញការផ្សព្វផ្សាយពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅគ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញការប្រើប្រាស់អវុធ ដើម្បីរងចាំសុំគោលការណ៍អនុវត្តបន្តពីលោក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ជាមួយគ្នានោះបើតាមសមត្ថកិច្ចសួរនាំគឺគាត់សារភាពថារូបភាពខាងលើនេះគឺបានបង្ហោះកាលពីខែមេសាឆ្នាំ២០២២មកម្លេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្ដាជ្រាបជាព័ត៌មាន ។
ទីបំផុត ! ថ្ងៃនេះសមត្ថកិច្ចឱ្យដឹងថា ៖ គ្រូមន្ដអាគមន សច្ចៈវីរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ត្រូវបាននគរបាលសម្រេចឃាត់ខ្លួន និងបញ្ជូនទៅតុលាការហើយ ពាក់ព័ន្ធប្រើកាំភ្លើងខុសច្បាប់ ៕