សិង្ហបុរី បោសសម្អាតលុយខ្មៅ រឹបអូសបានជាង៤ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០១៩

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋាភិបាលសិង្ហបុរី បានឱ្យដឹងនៅថ្ងៃពុធនេះថា គិតចាប់តាំងពីឆ្នាំ២០១៩មក បុរីរដ្ឋមួយនេះរឹបអូសបានទ្រព្យសម្បត្តិសរុបចំនួន ៦ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង៤.៤ពាន់លានដុល្លារអាមេរិក ដែលជាប់ពាក់ព័ន្ធសកម្មភាពឧក្រិដ្ឋកម្ម និងការលាងសម្អាតលុយកខ្វក់។

កាលពីឆ្នាំ២០២៣ សិង្ហបុរីបានបើកប្រតិបត្តិការឆ្មក់បង្រ្កាបជាច្រើន ក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏ធំសម្បើមមួយ គិតជាទឹកប្រាក់ស្មើនឹង ៣ពាន់លានដុល្លារសិង្ហបុរី ពោលវាគឺជាករណីលាងលុយកខ្វក់ដ៏ធំបំផុតមួយ នៅលើពិភពលោក ហើយជាលទ្ធផល ទ្រព្យសម្បត្តិ រថយន្តថ្លៃៗ និងផលិតផលប្រណិតៗជាច្រើន ត្រូវបានរឹបអូស ខណៈជនបរទេសមួយចំនួនត្រូវបានឃាត់ខ្លួន។
ថ្លែងនៅថ្ងៃពុធនេះ អំឡុងព្រឹត្តិការណ៍មួយរៀបចំដោយសមាគមប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុសកល Financial Action Task Force នាយករដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី លោក Lawrence Wong ដែលកាន់តួនាទីជារដ្ឋមន្រ្តីហិរញ្ញវត្ថុផងដែរនោះ បានលើកឡើងថា «ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងធុរកិច្ចអន្តរជាតិមួយ ពួកយើងទទួលស្គាល់ថា យើងប្រឈមហានិភ័យធំ នៃសកម្មភាពលាងលុយនិងហិរញ្ញប្បទានភេរវកម្ម។ ក៏ប៉ុន្តែពួកយើងមានការតាំងចិត្ត យ៉ាងរឹងមាំ ដើម្បីធ្វើរឿងដែលចាំបាច់ ក្នុងគោលដៅឆ្លើយតបចំពោះហានិភ័យទាំងនេះ ហើយរក្សាការពារមុខមាត់របស់សិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលមានការជឿទុកចិត្តខ្ពស់»។
ក្នុងចំណោមទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ ៦ពាន់លានដុល្លារសិង្ហបុរីនោះ គឺខ្ទង់៤១៦លានដុល្លារ ត្រូវបានប្រគល់ឱ្យជនរងគ្រោះវិញ ខណៈប្រមាណ១ពាន់លានដុល្លារ ត្រូវបានផ្ទេរចូលរដ្ឋ។ ដោយឡែក ប៉ុន្មានពាន់លានដុល្លារទៀតដែលនៅសល់ គឺកំពុងស្ថិតក្រោមដំណើរការស៉ើបអង្កេត និងនីតិវិធីតុលាការ នៅឡើយ៕ ដោយធីរីណា

...

រូប​ថត​: PLVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print