ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៤២៣ ៧០០ ០០០ រៀល (បួនរយ២៣លានប្រាំពីរសែនរៀល) ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាអាស៊ី លើកទី១៩ ជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍។
ពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញក្តីរីករាយដោយបានចូលរួមក្នុងកម្មវិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ីអាគ្នេយ៍ និងជើងឯកអាស៊ី ប្រកបដោយបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង និងមោទនភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យបានកោតសរសើរចំពោះអគ្គនាយកដ្ឋានកីឡា អង្គភាពក្រោមឱវាទ និងមន្ដ្រីពាក់ព័ន្ធ ដែលបានខិតខំអស់ពីលទ្ធភាពសហការគ្នាបានយ៉ាងល្អជាមួយសហព័ន្ធកីឡាជាតិ និងគ្រូបង្វឹកក្នុងការជ្រើសរើស គ្រប់គ្រង តាមដាន និងអភិវឌ្ឍធនធានកីឡា ដែលមានគុណផលកីឡាកម្រិតខ្ពស់ ព្រមទាំងមានសក្ដានុពល និងបន្ដចូលរួមប្រកួតប្រជែងដណ្ដើមបានមេដាយទាំងក្នុងតំបន់ និងពិភពលោក។ សមិទ្ធផលដ៏ធំធេង និងកិត្តិយសជាតិទាំងអស់នេះបានគូសបញ្ជាក់ឱ្យឃើញពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ការធ្វើប្រតិភូកម្មមុខងារ ការគាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ និងការអនុវត្ដគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាមានប្រសិទ្ធភាព ស្របតាមកំណែទម្រង់អប់រំកាយ និងកីឡា។
យោងតាមរបាយការណ៍ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានគូសបញ្ជាក់ថា ថវិកាដែលប្រគល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ នាពេលនេះ គឺដណ្តើមបានលើ៣ប្រភេទកីឡា លើព្រឹត្តិការណ៍អន្តរជាតិចំនួន៤ គឺជើងឯកពិភពលោក-អាស៊ី-អាស៊ីអាគ្នេយ៍ ថវិកាប្រមាណ៤២៣លានរៀល៕ដោយ ៖ ភារ៉ា ដង្កោ