បុរសម្នាក់​ត្រូវ​ភ្លើងឆេះស្លាប់ ដោយសារករណីអគ្គីភ័យឆាប់ឆេះផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋសង់ពីថ្មក្រោយឈើលើយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យបុរសវ័យ៥៦ឆ្នាំម្នាក់ស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចបង្ការពន្លត់អគ្គីភ័យយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ ។

គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងក្រោយសាលាវិទ្យាល័យ ជាសុីម សាមគ្គី សិ្ថតនៅតាមបណ្តោយផ្លូវលេខ៦៥៦ ភូមិ១២ ក្នុងសង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យផ្តាច់សង្ខារ មានឈ្មោះ សំ សាវិន ភេទ ប្រុស អាយុ៥៦ឆ្នាំ នឹងធ្លាប់មានជម្ងឺប្រចាំកាយ ផងដែរ។ 

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាគេឃើញមាន ផ្សែងហុយហ៊ុយឃ្មួលឃ្មាញ់ ចេញពីជាន់ខាងលើរួមជាមួយនឹង អណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបបង្កអោយមានការឆោរឡោរ ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកជួយអន្តរាគមន័ភ្លាមៗផងដែរ ។ 

ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ ព្រមទាំងកូនចៅ បានអង្គុយលេងនៅខាងក្រោមផ្ទះ ក្រោយមកជនរងគ្រោះក៍បានឡើងទៅលើផ្ទះតែម្នាក់ឯង ស្រាប់តែផ្សែងខ្មៅលាយជាអណ្ដាតភ្លើងបានឆាបឆេះ បណ្តាលអោយជាប់ជនរងគ្រោះឆេះស្លាប់។

បន្ទាប់ពីទទួលបានដំណឹងថាមាន ករណីអគ្គិភ័យ ភ្លាមៗ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជារថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់ ដើម្បីបង្ការកុំអោយមានការរាលដាលដល់ផ្ទះអ្នកជិតខាង ។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១៨គ្រឿងបានទើបគ្រប់គ្រងអោយរលត់ទៅវិញទាំងស្រុង ។ ចំពោះមូលហេតុបណ្តាលអោយមានការឆាបឆេះ កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យកំពុងបើកការស្រាវជ្រាវបន្ត ដើម្បីរកមូលហេតុទាក់ទិននឹងអគ្គិភ័យខាងលើនេះ  ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print