ខេត្តព្រៃវែង ៖ កម្លាំងនគរបាលការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននគរបាខេត្តព្រៃវែង បន្តចុះពិនិត្យមើលវឌ្ឍនភាព និងពង្រឹង ពន្លឿនប្រសិទ្ធភាពការងារ តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង។ នេះជាការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
ការចុះពិនិត្យវឌ្ឍនភាព ពង្រឹងពន្លឿនប្រសិទ្ធភាពការងារ តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលដឹកនាំដោយលោកស្នងការរង និងលោកនាយការិយាល័យ ទទួលមុខព្រួញ បានធ្វើការណែនាំជំរុញបន្ថែមដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ យកចិត្តទុកដាក់ បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា សម្អាតបរិស្ថានធ្វើអនាម័យជុំវិញកន្លែងធ្វើការ រៀបចំទុកដាក់ឯកសារបទដ្ឋានគតិយុត្តិឲ្យបានត្រឹមត្រូវ គោរពវិន័យរបស់នគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវគ្រងឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវស្អាតជានិច្ច។
សូមបញ្ជាក់ថា ៖ កម្លាំងនគរបាលជំនាញបានធ្វើការកោតសរសើរជំរុញលើកទឹកចិត្តដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលកន្លងមកបានបំពេញការងារបានយ៉ាងល្អប្រសើរ។
ព្រមទាំងបានធ្វើការយាមល្បាតគ្រប់ច្រកល្ហក់ទាំងយប់ទាំងថ្ងៃ មិនដកដៃឡើយ ដើម្បីធានាបាននូវសន្ដិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ៕