អន្តរជាតិ ៖ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ៖ នារសៀលថ្ងៃទី ២៦ ខែមិថុនា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Phạm Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ដែលអញ្ជើញចូលរួមវេទិកាដាវ៉ូសរដូវក្តៅនៅប្រទេសចិន ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិនប្រកាន់ខ្ជាប់ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ប្រការនេះនឹងនាំមកនូវកាលានុវត្តភាពថ្មីដល់ភាគីយើងទាំងពីរសម្រាប់ពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការតភ្ជាប់គ្នា និងសេដ្ឋកិច្ចឌីជីថលជាដើម ។ ភាគីយើងទាំងពីរគួររួមគ្នាជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ និងជំរុញឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ភាគីយើងទាំងពីរគួរដោះស្រាយបញ្ហាសមុទ្រដោយសមរម្យ ពន្លឿនការអភិវឌ្ឍរួមតាមសមុទ្រ ក៏ដូចជារួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។
ជាការឆ្លើយតប លោក Phạm Minh Chinh បានថ្លែងថា ប្រទេសវៀតណាមគាំទ្រការអភិវឌ្ឍ ភាពខ្លាំងក្លានិងវិបុលភាពរបស់ប្រទេសចិន និងការដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការសន្តិភាពនិងវឌ្ឍនភាពរបស់សកលលោក ។ ប្រទេសវៀតណាមគាំទ្រគោលជំហររបស់ចិនក្នុងបញ្ហាតៃវ៉ាន់ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ ។ ប្រទេសវៀតណាមរីករាយរួមសហការជាមួយប្រទេសចិន ដើម្បីជំរុញយ៉ាងប្រាកដប្រជានូវកិច្ចកសាងសហគមន៍រួមវាសនារវាងវៀតណាមនិងចិនដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ៕