ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ រៀបចំសន្និសីទសារព័ត៌មាន លើកទី២ ផ្ដោតលើ«សុវត្ថិភាពចរាចរណ៍»

ចែករំលែក៖

ភ្នំពេញ : សន្និសីទសារព័ត៌មាន លើកទី២ របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ  ដោយមានការអញ្ជើញជាវាគ្មិនពីសំណាក់លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសការរឹតបន្តឹងច្បាប់ចំពោះអ្នកបើកបរនៅពេលយប់ គឺជាប្រធានបទស្នូល ហើយក្នុងឱកាសនោះវាគ្មិនក៏បានឆ្លើយឆ្លងសំណួរនិងចម្លើយជាមួយអ្នកសារព័ត៌មានអំពីប្រធានបទពាក់ព័ន្ធចំនួន៥ផងដែរ។

ថ្លែងបើកសន្និសីទសារព័ត៌មាននាឱកាសនោះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គូសបញ្ជាក់ថាសន្និសីទសារនេះ មានគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយសារព័ត៌មាន និងសាធារណមតិ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយដែលក្នុងនាមជាសេនាធិការ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឱ្យការងារនេះមានភាពសកម្ម និរន្តភាព និងប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិត ទូច សុឃៈ បង្ហាញសុទិដ្ឋិនិយមខ្ពស់ថា សន្និសីទសារព័ត៌មានដែលផ្ដោតលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ នឹងរួមចំណែកធ្វើឱ្យសាធារណជន យល់ដឹងកាន់តែច្បាស់អំពីសមិទ្ធផល គោលដៅ និងគោលបំណង នៃការអនុវត្តច្បាប់របស់នគរបាលចរាចរណ៍ គឺការធ្វើឱ្យពលរដ្ឋកាន់តែយល់ដឹងអំពីបញ្ហាចរាចរណ៍ ដើម្បីឈានទៅធ្វើឱ្យអត្រាគ្រោះថ្នាក់ ស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ កាន់តែត្រូវបានកាត់បន្ថយ ហើយវេទិកានេះក៏ផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មានបានឆ្លើយឆ្លងសំណួរចម្លើយដោយផ្ទាល់ជាមួយវាគ្មិនផងដែរ។

លោកឧត្តមមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានរៀបចំសន្និសីទសារព័ត៌មាន ផ្ដល់ឱកាសឱ្យអគ្គស្នងការដ្ឋាន រម្លឹកនិងបញ្ជាក់អំពីការងារសុវត្ថិភាពចរាចរណ៍ជូនសាធារណជន ពិសេសផែនការសកម្មភាព ស្ដីពី ការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤-២០២៧ និងតុល្យការណ៍ចុងក្រោយនៃស្ថានភាពសុវត្ថិភាពចរាចរណ៍នៅកម្ពុជា រួមទាំងការរឹតបន្តឹងការបើកបរនៅពេលយប់។

គួរកត់សម្គាល់ថា ការឆ្លើយឆ្លងរវាងអ្នកសារព័ត៌មាន និងវាគ្មិន នាឱកាសសន្និសីទសារព័ត៌មាននោះ បានផ្ដោតលើបញ្ហាសំខាន់ៗជាអាទិ៍ ការរឹតបន្តឹងច្បាប់នៅពេលយប់នឹងនៅតែបន្តឬដកថយ? បទពិសោធន៍និងបញ្ហាប្រឈនៃការអនុវត្តច្បាប់នៅពេលយប់! ការបែងចែកប្រាក់ផាកពិន័យតាមគោលការណ៍ច្បាប់! សិស្សធ្វើដំណើរទៅទទួលការអប់រំដោយកាន់ទម្លាប់មិនគោរពច្បាប់ចរាចរណ៍ និងការដាក់គោលដៅនិងការប្ដេជ្ញាចិត្ត របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះស្ថានភាពចរាចរណ៍នៅកម្ពុជា សម្រាប់ឆ្នាំ២០២៤នេះ?

សូមបញ្ជាក់ថា សន្និសីទសារព័ត៌មាន របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នឹងរៀបចំឡើងជាបន្តបន្ទាប់ ដោយផ្ដោតលើប្រធានបទសំខាន់ៗក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ និងមានការពាក់ព័ន្ធផ្ទាល់ទៅនឹងជីវភាពប្រជាពលរដ្ឋ ក៏ដូចជានិន្នាការរួមរបស់សង្គម។ សន្និសីទនេះ សហការគាំទ្រផ្នែកបច្ចេកទេសដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃ។ វាគ្មិនសំខាន់ៗ នៃសន្និសីទ នឹងមានការអញ្ជើញចូលរួមទាំងពីកម្រិតអង្គភាពចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print