សម្តេចតេជោ ហ៊ុន សែន ៖ ឆ្លងកាត់កំណាត់ផ្លូវដ៏វែងរយៈពេលជាង ៤៥ឆ្នាំ មកនេះ បានបង្ហាញយ៉ាងច្បាស់អំពី សារជាតិ និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា ៖ឆ្លងកាត់កំណាត់ផ្លូវដ៏វែងរយៈពេលជាង ៤៥ឆ្នាំ មកនេះ បានបង្ហាញយ៉ាងច្បាស់អំពី សារជាតិ និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស។ គណបក្ស ប្រជាជនកម្ពុជា ជាតំណាងនៃផលប្រយោជន៍ដ៏បរិសុទ្ធរបស់ប្រជាជន ជាបង្អែកដ៏កក់ក្តៅរបស់ ប្រជាជននៅគ្រប់កាលៈទេសៈ និងបានដឹកនាំប្រជាជនឆ្លងកាត់ពេលវេលាដ៏សែនលំបាក បំផុត ឈានពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ ដែលមានអត្ថន័យយ៉ាង ធំធេងចំពោះការឋិតថេរគង់វង្ស និងការរីកចម្រើនរបស់ជាតិ។

សម្តេចតេជោ បានលើកឡើងថា ៖ ជំនឿទុកចិត្តរបស់ប្រជាជន គឺជាការទទួលខុសត្រូវរបស់គណបក្សក្នុងការកសាង ប្រវត្តិសាស្ត្រប្រកបដោយមោទនភាពរបស់ជាតិ ដែលមនុស្សគ្រប់រូបក្នុងសង្គមសុទ្ធតែមានចំណែកចូលរួមប្រកបដោយមនសិការ ក្នុងគោលបំណងរួមគ្នា ការពារជាតិ ការពារភាពសុខសាន្ត របស់ប្រជាជនគ្រប់រូប និងសម្រេចនូវវឌ្ឍនភាពសង្គម។ ក្នុងស្មារតីនេះ ខ្ញុំសូមគូសបញ្ជាក់ បន្ថែមនូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖

១- នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ក្នុងការដឹកនាំត្រូវតែមានភាពត្រឹមត្រូវខាង នយោបាយទាំងយុទ្ធសាស្ត្រ និងយុទ្ធវិធី ទើបធានាបាននូវជោគជ័យ។ នយោបាយរបស់ គណបក្ស មិនឆ្វេង មិនស្តាំ មិនបាត់ម្ចាស់ការ គឺមានភាពប្រាកដជាក់ស្តែង ទោះត្រូវប្រឈម នឹងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បើគ្មានភាពត្រឹមត្រូវខាងនយោបាយ ការដឹកនាំនឹង ត្រូវបរាជ័យជាមិនខាន។ ដូច្នេះ ជានិច្ចកាល ត្រូវឈរលើឧត្តមគតិស្នេហាជាតិ គួបផ្សំនឹង មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ដើម្បីដាក់ចេញនូវកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានាដែលស្របជាមួយនឹងការវិវត្តនៃសភាពការណ៍ ជាក់ស្តែងក្នុងប្រទេស និងសភាពការណ៍ក្រៅប្រទេស។

២-ប្រជាជន គឺជាកត្តាសម្រេចនៃជ័យជម្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈ ទាំងក្នុងដំណាក់កាលតស៊ូរំដោះជាតិ ក៏ដូចនៅក្នុងដំណាក់កាលនៃការកាន់អំណាចដឹកនាំ ប្រទេសរបស់គណបក្ស។ បើប្រជាជនមិនគាំទ្រ មិនចូលរួម មិនជឿលើការដឹកនាំរបស់ គណបក្សនោះ គឺគ្មានភារកិច្ចណាដែលគណបក្សអាចសម្រេចបានឡើយ។ ដូច្នេះគ្រប់អង្គ ការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ត្រូវតែផ្សារភ្ជាប់ជាមួយប្រជាជន ធ្វើបង្អែកឱ្យប្រជាជន ដើម្បីដោះស្រាយនូវសំណូមពរ និងការលំបាកនានារបស់ប្រជាជនផង និងបំផុសប្រជាជន ចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សផង។

៣-ជួរមន្ត្រីគណបក្សនៅគ្រប់ថ្នាក់ប្រកបដោយភាពរឹងមាំ និងស្អាតស្អំ គឺជាកត្តា សំខាន់ជាគន្លឹះនៃជ័យជម្នះ ព្រោះថាមន្ត្រីគណបក្សជាស្ពានតភ្ជាប់រវាងគណបក្សជាមួយ ប្រជាជន ជាកម្លាំងដឹកនាំ ជាកម្លាំងជំរុញ និងអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស។ ដូច្នេះ គណបក្សត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំពាក់បំប៉នជួរ មន្ត្រីគណបក្សទាំងសម្រាប់រយៈពេលបច្ចុប្បន្ន និងសម្រាប់រយៈពេលយូរអង្វែង ដើម្បីធានា ការលើកកម្ពស់សមត្ថភាពឥតឈប់ឈរទាំងខាងនយោបាយ និងមុខជំនាញ ព្រមទាំង គុណធម៌ អត្តចរិត និងសីលធម៌ ឱ្យទទួលបាននូវការស្រឡាញ់ និងគាំទ្រពីប្រជាជនទន្ទឹម នេះ ត្រូវរាំងស្កាត់ម៉ឺងម៉ាត់ចំពោះបាតុភាពអសកម្មរបស់មន្ត្រី ដែលបំពានលើគោលការណ៍ គណបក្ស និងច្បាប់របស់រដ្ឋ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍របស់ប្រជាជន។

៤- សន្តិភាពពេញលេញដែលយើងបង្កើតបានរយៈពេលជាង ២៥ឆ្នាំមកនេះ គឺបានមក ដោយលំបាកជាទីបំផុត។ យើងត្រូវឆ្លងកាត់ការតស៊ូ ការលះបង់ ការព្យាយាម អត់ធ្មត់ និងទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់ទើបសម្រេចបាន។ ហេតុនេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាការពារសន្តិភាពឱ្យឋិតថេរគង់វង្សរឹងមាំជានិច្ច។ មានសន្តិភាពទើបមានការអភិវឌ្ឍ ប្រកបដោយចីរភាព ផ្ទុយមកវិញ មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ទើបធានា ការពារបាននូវសន្តិភាព។ យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកអ្នកនយោបាយជ្រុលនិយមមួយ ក្តាប់តូចមកបំផ្លាញសន្តិភាពបានឡើយ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងមូល លើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា
ម្យ៉ាងទៀតដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ ចាំបាច់ត្រូវបន្តជំរុញការកែទម្រង់ ជាប់ជានិច្ច ព្រោះថាការកែទម្រង់ជាកម្លាំងចលករនៃអភិវឌ្ឍន៍ បើគ្មានការកែទម្រង់ ឬការកែ ទម្រង់គ្មានប្រសិទ្ធភាពនោះ ការអភិវឌ្ឍនឹងខ្វះកម្លាំងជំរុញហើយ។

៥- គណបក្សប្រជាជនកម្ពុជាបន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្ម នុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវ រាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ។ ការបែកបាក់ជាតិពីអតីតកាល បានផ្តល់ឱ្យយើងនូវមេរៀនដ៏ឈឺចាប់បំផុត ដែលយើងត្រូវតែចងចាំជានិច្ច មិនត្រូវឱ្យស្ថានភាព ដ៏អាក្រក់នេះអាចកើតមានជាថ្មីបានឡើយ។ ម្យ៉ាងទៀត ក៏ត្រូវឃើញច្បាស់អំពីចំណងទាក់ទង ស្អិតរមួតរវាងសាមគ្គីភាពជាតិទាំងមូល និងសាមគ្គីភាពឯកភាពផ្ទៃក្នុងគណបក្ស ដែលក្នុង នោះសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សគឺជាស្នូល។ អាស្រ័យហេតុនេះ អង្គការចាត់តាំង គណបក្សគ្រប់ថ្នាក់ មន្ត្រីសមាជិកគណបក្សគ្រប់រូប ត្រូវខិតខំថែរក្សាសាមគ្គីភាព ឯកភាព ផ្ទៃក្នុងគណបក្សឱ្យរឹងមាំជានិច្ច ផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយនានារបស់គណបក្ស ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយ ដែលគណបក្សប្រជាជន កម្ពុជាបានធ្វើរួមជាមួយគណបក្សចំនួន ២៧ទៀត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ព្រមទាំងពង្រឹងនូវទំនាក់ទំនងដ៏ល្អជាមួយបណ្តាអង្គការនានានៃសង្គមស៊ីវិល និងមជ្ឈដ្ឋាន ជឿនលឿនទាំងអស់ក្នុងសង្គម តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បី ពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

៦- ក្នុងស្មារតីសាមគ្គីភាពជាតិនេះដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួម ជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះជាចលនាជាតិដ៏ខ្លាំង ក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក។ គម្រោងព្រែកជីក- ហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែល នឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញ ខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការ ដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យ ទេសចរណ៍ផងដែរ។ ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯក- រាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងមិនបង្កផលប៉ះ ពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។

៧-នៅក្នុងឱកាសនេះ ក្នុងនាមប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានផ្តល់ការជួយ ឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា និងកំពុងបន្ត ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីការអភិវឌ្ឍនៅកម្ពុជា។ ខ្ញុំក៏សូម គូសបញ្ជាក់បន្ថែមទៀតថា ដោយប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គណបក្ស ប្រជាជនកម្ពុជាបន្តជំរុញការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ លើ មូលដ្ឋានគោរពគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួមក្នុងកិច្ចការអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភពលោក។ ព្រមជាមួយនោះ ក្នុងស្ថានភាពបច្ចុប្បន្ន ដែលសភាពការណ៍ពិភពលោកកំពុងមានការវិវត្ត យ៉ាងស្មុគស្មាញ និងប្រកបដោយការគំរាមកំហែងដ៏គ្រោះថ្នាក់នោះ ខ្ញុំសូមអំពាវនាវដល់ បណ្តារដ្ឋ ជាពិសេសបណ្តាប្រទេសមហាអំណាចសូមស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងរិះរកដំណោះស្រាយចំពោះបញ្ហាក្តៅៗទាំងឡាយតាមរយៈការចរចា ដើម្បីសន្តិភាព សន្តិសុខ និងការស្ថិតស្ថេររីកចម្រើនរបស់មនុស្សជាតិទាំងមូល។ ការដាក់ទណ្ឌកម្ម អំពើ ហិង្សា និងសង្គ្រាម ពុំមែនជាដំណោះស្រាយល្អនោះឡើយ វាគ្រាន់តែបានបង្កើនថែមទៀតនូវ ហានិភ័យសម្រាប់មនុស្សជាតិប៉ុណ្ណោះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print