ភ្នំពេញ៖ ពិតជាក្រុមចោរហារយមិនទុកមុខមាត់ឲ្យប្រទេសជាតិមែនដោយគ្រាន់តែកង់មួយគ្រឿងរបស់ជនជាតិជប៉ុនម្នាក់ ដែលគាត់ជិះពីប្រទេសរបស់គាត់ឆ្លងកាត់ប្រទេសជាច្រើនមិនជួបបញ្ហាអី បែរជាមកដល់ស្រុកខ្មែរត្រូវក្រុមចោរហារយលួច យកទៅបាត់ ខណៈចតនៅកន្លែងចំណត របស់សណ្ឋាគារមួយកន្លែងក្នុងរាជធានី ភ្នំពេញ ។
បុរសជនជាតិជប៉ុនរងគ្រោះរូបនេះត្រូវបានគេស្គាល់ឈ្មោះ Shun Yanagisawa អាយុ៣៤ឆ្នាំ បានរៀបរាប់ប្រាប់ថា លោក គឺជាអ្នកពន្លត់អគ្គិភ័យនិងជាអ្នកជិះកង់មើលទេសភាពនៅតាមបណ្តាប្រទេសមួយចំនួន តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ មក ម្លេ៉ះ។ លោកបានជិះកង់ចេញពីប្រទេសជប៉ុនដោយឆ្លងកាត់ប្រទេសជាច្រើនដូចជា កោះតៃវ៉ាន់, ហ្វុីលីពីន, សិង្ហបុរី,ម៉ាឡេ ស៊ី, ថៃ និងចុងក្រោយចូលមកដល់ប្រទេសកម្ពុជានេះនៅថ្ងៃទី១៨ កក្កដា កន្លងមក។ ពេលនោះលោកមកស្នាក់នៅសណ្ឋាគារ Aura Thematic Hostel ស្ថិតនៅផ្ទះ លេខ២០៥ ផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំងក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញហើយនៅម៉ោង៧យប់ថ្ងៃនោះលោកទុកកង់នៅមុខសណ្ឋាគរនេះ លុះព្រឹកឡើងថ្ងៃទី ១៩ ខែកក្កដា ពេលចេញពីសណ្ឋាគារទើបដឹងថាចោរលួចកង់បាត់មិនដឹងតាំងពីម៉ោងប៉ុន្មាននោះទេ ។ បន្ទាប់មកនៅថ្ងៃនោះលោកបានដាក់ពាក្យបណ្ដឹងនៅស្នាក់ការអន្ដោប្រវេសន៍ ដើម្បីសុំការអន្តរាគមន៍ពី សមត្ថកិច្ចឱ្យស្វែងរកជនសង្ស័យនិងកង់ របស់លោក ហើយមកដល់ពេលនេះនៅរកមិនទាន់ឃើញនៅឡើយទេ គ្រាដែលលោកមានគម្រោងចាកចេញពីកម្ពុជាឆ្ពោះទៅ កាន់ប្រទេសវៀតណាមនោះ ។
លោក ស៊ូន យ៉ាណាហ្គុីសាវ៉ា បាននិយាយថា”ខ្ញុំនឹកនិងស្រលាញ់កង់ខ្ញុំណាស់ព្រោះវានៅជាមួយខ្ញុំជិត១ឆ្នាំមកហើយសូមសមត្ថកិច្ចនិងអាជ្ញាធរមេត្តាជួយស្វែងរកផងមុនពេលដែលខ្ញុំនឹងត្រូវចាកចេញពីកម្ពុជានៅថ្ងៃទី៣០ កក្កដា ខាងមុខនេះ។ បើបងប្អូនខ្មែរប្រទះឃើញកង់របស់ខ្ញុំដូចមានក្នុងរូបថតសូមមេត្តាផ្ដល់ដំណឹងជូនសមត្ថកិច្ច ផង”។
ទាំងនេះចាត់ទុកជាសារមួយដែលជនជាតិបរទេសម្នាក់ហាក់ដូចអស់ជំនឿនឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញមិនមានប្រសិទ្ធភាពដោយគ្រាន់តែយានជំនិះប្រើកម្លាំងកាយសោះក៏ត្រូវចោរលួចដែរ ៕
ដោយ៖ ប្រាថ្នា