ខេត្តកណ្តាល ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងលោក គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ មកជាអភិបាលខេត្តកណ្ដាល ជំនួសលោក គង់ សោភ័ណ្ឌ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
គួរជម្រាបថា យោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ អភិបាលខេត្តដែលត្រូវបានផ្លាស់ប្តូរ និងតែងតាំងនេះរួមមាន៖
១៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង
២៖ លោក វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ
៣៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ
៤៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ
៥៖ លោក គួច ចំរើន ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកណ្តាល
៦៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះសីហនុ
៧៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ធំ
៨៖ លោក ប៉ែន កុសល្យ ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តត្បូងឃ្មុំ
៩៖ លោក ស្វាយ សំអ៊ាង ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តស្ទឹងត្រែង ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
១០៖ លោក អ៊ូច ភា ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តតាកែវ ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
១១៖ លោក គង់ សោភ័ណ ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តកណ្តាល ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
១២៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានផ្ទេរទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សូមជម្រាបថា ៖ ព្រឹកមុិញ មុនកម្មវិធី លោក គួច ចំរើន ចូលកាន់តំណែង ជាអភិបាល នៃគណៈខេត្តកណ្ដាល លោកបានបង្ហោះ ពាក្យពេចន៍ ពោរពេញទៅដោយអត្ថន័យ ហើយសារនោះក៏ត្រូវបានគេចាប់អារម្មណ៍ ស៊ែរបន្តៗគ្នា បង្ហាញពីការគាំទ្រ លោក គួច ចំរើន ចូលកាន់តំណែង ជាអភិបាល នៃគណៈខេត្តកណ្ដាល នៅថ្ងៃនេះដើម្បី ឱ្យខេត្តមួយនេះកាន់តែមានសក្តានុពល ។
លោក គួច ចំរើន បានបង្ហោះថា ៖ «អ្នកកណ្តាល សុំផ្ញេីខ្លួននិងការងារជោគជ័យផង ។ »
លោកបន្តថា ៖ «ក្នុងរយៈពេល១០ឆ្នាំ ខ្ញុំបានប្តូរការងារ៦កន្លែង ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម -ខេត្តព្រះសីហនុ-ខេត្តកណ្តាល។»
លោកថា ៖ «ការងារច្រេីនកន្លែង ថ្មីរហូត ហត់បន្តិចមែនតែបទពិសោធន៍ច្រេីន មិត្តភ័ក្រ្តក៏ច្រេីន ទំនាក់ទំនងក៏ច្រេីន ស្គាល់សង្គមនិងមនុស្សក៏ច្រេីន។ រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម និងក្តីនឹករលឹក។» ៕