ខេត្តស្វាយរៀង៖ ការស្នើសុំដាក់គម្របមាត់លូនៅលើលូតាមបណ្តោយផ្លូវ ៣១៤០ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៦ (ជិតផ្សារកំពង់រោទ៍) រដ្ឋបាលស្រុកកំពង់រោទ៍បានចេញសេចក្តីបំភ្លឺដល់សាធារណជន ជាពិសេសគណនីហ្វេសប៊ុក ឈ្មោះ បញ្ញា បញ្ញា ឱ្យបានជ្រាបថា ការស្នើសុំដាក់គម្របមាត់លូនៅលើលូតាមបណ្តោយផ្លូវ ៣១៤០ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៦ (ជិតផ្សារកំពង់រោទ៍) ហើយលោកអភិបាលស្រុកមិនអនុញ្ញាតឱ្យបុគ្គល ឈ្មោះ អ៊ុំ បញ្ញា នេះធ្វើការដាក់គម្របលូដោយខ្លួនឯង ដោយមូលហេតុ៖
១- លូនេះជាលូសាធារណៈរបស់រដ្ឋ ដែលរដ្ឋបាលស្រុកបានធ្វើការសាងសង់រៀបចំប្រព័ន្ធលូរំដោះទឹក និងរៀបចំក្រាលការ៉ូឡានៅតាមចិញ្ចើមផ្លូវ ដើម្បីទុកធ្វើជាផ្លូវអ្នកថ្មើរជើង។ ម្យ៉ាងវិញទៀតគម្រោងនេះកំពុងឋិតនៅក្នុងអំឡុងពេលនៃការថែទាំ និងការធានារបស់ក្រុមហ៊ុនទទួលការសាងសង់។ សូមបញ្ជាក់ថាគម្របលូនេះ ក្រុមហ៊ុនសាងសង់បានចាក់គម្របបិទជិតរួចហើយ ទើបតែថ្មីៗនេះទទួលរងនូវការខូចខាតដោយការបំផ្លិចបំផ្លាញរបស់ជនអគតិមួយចំនួន។ ទន្ទឹមនឹងនេះរដ្ឋបាលស្រុកក៏បានទាក់ទងទៅខាងក្រុមហ៊ុនអោយមកធ្វើការជួសជុល រួចហើយដែរ។
២- កន្លងមកបុគ្គលឈ្មោះ អ៊ុំ បញ្ញា ដែលមានផ្ទះនៅជាប់នឹងផ្លូវរំដោះទឹកលូនេះ បានរំលោភបំពានយកទីតាំងនៅលើបរិវេណលូ និងចិញ្ចើមផ្លូវដែលរដ្ឋបាលស្រុកបានរៀបចំក្រាលការ៉ូឡាសម្រាប់អ្នកថ្មើរជើងដើរយកមកធ្វើអាជីវកម្មផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យ ដែលបង្កឱ្យមានការស្ទះលូជាញឹកញាប់។
៣- បច្ចុប្បន្នបុគ្គលឈ្មោះ អ៊ុំ បញ្ញា បាននិងកំពុងតែបន្តរំលោភបំពានយកបន្ថែមនូវផ្លូវរំដោះទឹកដែលហូរចេញពីលូនៅតាមបណ្តោយផ្លូវ ៣១៤០ មានទំហំទទឹង ៣ម៉ែត្រ បណ្តោយ ៣៨ម៉ែត្រ និងដីចំណីលូដែលជាដីសាធារណៈរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងព្យាយាមធ្វើការសាងសង់នូវសំណង់នានា ថែមទៀត។
ចំពោះករណីនេះរដ្ឋបាលស្រុកកំពុងតែដោះស្រាយ និងទប់ស្កាត់ក្នុងការរំលោភបំពាននេះ៕ ដោយសុថាន