ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជី ស្មារតី ចង ចាំ នៃ ពិភព លោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖
១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖
– តំបន់រមណីយដ្ឋាន អង្គរ ចុះបញ្ជីនា ថ្ងៃ ទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ នៅ ទី ក្រុង សាន់ តាហ្វេ សហរដ្ឋអាមេរិក
– ប្រាសាទ ព្រះវិហារ ចុះបញ្ជីនា ថ្ងៃ ទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ នៅ ទី ក្រុង កេបិក ប្រទេស កាណាដា
– តំបន់ប្រាសាទ សំបូរ ព្រៃគុក ចុះ បញ្ជីនាថ្ងៃ ទី ៨ ខែ កក្កដា ឆ្នាំ ២០១៧ នៅ ទី ក្រុង ក្រាកូវ ប្រទេស ប៉ូឡូញ
– រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។
២. បេតិ កភណ្ឌ វប្បធម៌ អរូបីនៃ មនុស្ស ជាតិ៖
– របាំ ព្រះ រាជ ទ្រព្យ ចុះបញ្ជីនា ថ្ងៃ ទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ នៅ ទី ក្រុង អ៊ីស្ដន់ប៊ូល ប្រទេស តួកគី
– ល្ខោន ស្រមោល ស្បែក ធំ ចុះបញ្ជីនា ថ្ងៃ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥ នៅ ទីក្រុង ប៉ារីស ប្រទេស បារាំង
– ល្បែង ទាញ ព្រ័ត្រ ចុះ បញ្ជីនាថ្ងៃ ទី ២ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ ទី ក្រុង វិនឌុក ប្រទេស ណាមីប៊ី
– ចាប៉ី ដង វែង ចុះបញ្ជីនា ថ្ងៃ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅ ទី ក្រុង អេតឌីស អាបាបា ប្រទេស អេត្យូពី
– ល្ខោន ខោលវត្តស្វាយអណ្តែត ចុះបញ្ជីនា ថ្ងៃ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ ទីក្រុង ព័រល្វី នៃ សាធារណរដ្ឋ ម៉ូរីស
– គុន ល្បុក្កតោ ចុះបញ្ជីនា ថ្ងៃ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅ ទី ក្រុង រ៉ាបាត ព្រះ រាជា ណាចក្រម៉ារ៉ុក ។
៣. បញ្ជី ស្មារតី ចង ចាំ នៃ ពិភព លោក៖
– បណ្ណាសារឧក្រិដ្ឋ កម្ម ប្រល័យ ពូជ សាសន៍ ទួល ស្លែង ចុះបញ្ជីនា ថ្ងៃ ទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩ នៅ ទី ក្រុង ប្រ៊ីដថោន ប្រទេស បាបា ដូស
– ឯកសារ សំឡេង និទាន រឿង រាមកេរ្ដិ៍ ដោយ តាគ្រុឌ ចុះ បញ្ជីនាថ្ងៃ ទី ១៥ ខែ ឧសភា ឆ្នាំ ២០១៤ នៅ ខេត្ត ខ្វាង ចូវ ប្រទេស ចិន
– រឿង អ៉ីណាវ បុស្សិបា ចុះបញ្ជីនា ថ្ងៃ ទី ៣០ ខែ តុលា ឆ្នាំ ២០១៧ នៅ ទី ក្រុង ប៉ារីស ប្រទេស បារាំង ។
“កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប” ៕