អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ស្វែងយល់ពីប្រភេទសត្វជញ្ជក់រុក្ខរសពីស្លឹកស្រូវ «រុយ ស» និងវិធានការគ្រប់គ្រង

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានជួយរម្លឹកដល់បងប្អូនប្រជាកសិករ ស្វែងយល់ពីប្រភេទសត្វជញ្ជក់រុក្ខរសពីស្លឹកស្រូវ «រុយ ស» និងវិធានការគ្រប់គ្រង ។

ដោយលោកបញ្ជាក់ថា ៖
-វិធានការគ្រប់គ្រង រុយសំលើដំណាំស្រូវ ៖
រុយស ស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyrodidae គឺជាពពួកជញ្ជក់រុក្ខរសពីស្លឹក ស្រូវ។ វាមានដងខ្លួនប្រវែង១-១,៥មីលីម៉ែត្រគ្របដណ្តប់ដោយស្លាបពណ៌ស។ កាលពីឆ្នាំ២០១០ នៅប្រទេសវៀតណាមរុយសប្រភេទនេះមានការបំផ្លាញដំណាំស្រូវនៅតំបន់ដីសណ្ដទន្លេមេគង្គអស់ ប្រមាណ១៥៤៦២ហិកតា ហើយពូជស្រូវដែលទទួលរងការបំផ្លាញធ្ងន់ធ្ងរជាងគេគឺពូជស្រូវក្រអូប។

-លក្ខណៈជីវសាស្ត្រ
រុយស ដែលបំផ្លាញដំណាំស្រូវមានឈ្មោះវិទ្យាសាស្ត្រ Aleurocybotus indicus។ វដ្តជីវិតរបស់រុយសមានរយៈពេល ១៧-២៤ថ្ងៃ ដែលរុយស១ក្បាលអាចពងបានចន្លោះពី ១០០-២០០ពង។ រុយញីពងដាក់លើផ្ទៃស្លឹកផ្នែកខាងក្រោមក្រោយរយៈពេល២ថ្ងៃពងចាប់ផ្តើម ញាស់។ កូនទើបញាស់និងរុយពេញវ័យជញ្ជក់រុក្ខរសស្លឹកស្រូវ។ ពងមានទំហំ០,២មីលីម៉ែត្រ ពណ៌បៃតងលឿងប្តូរទៅមានពណ៌បៃតងស្រាល។ សីតុណ្ហភាពសមស្របសម្រាប់សត្វល្អិត ប្រភេទនេះរស់នៅ និងបំផ្លាញនៅសីតុណ្ហភាព៣០អង្សាសេ។

-វដ្តជីវិតរុយស
លក្ខណៈបំផ្លាញ ៖
រុយស បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ (សកម្មខ្លាំងនៅពេលព្រឹក) ធ្វើឱ្យស្លឹក ប្រែពណ៌លឿង និងរួញ។ វាបំផ្លាញខ្លាំងលើដំណាំស្រូវក្នុងវគ្គលូតលាស់ និងបែកគុម្ព ហើយការបំផ្លាញរបស់រុយសដែល ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប្រជាករចាប់ពី៣០-៤០ក្បាលក្នុងមួយគុម្ព នោះធ្វើឱ្យទិន្នផលបាត់បង់ពី២៣-៣១ភាគរយ ប្រសិនបើការបំផ្លាញនេះ ស្ថិតនៅក្នុងដំណាក់កាលស្រូវធ្វើខ្លួនចេញផ្កានោះ ការបាត់បង់ទិន្នផលធ្ងន់ធ្ងរជាងនេះ។
-រោគសញ្ញានៃការបំផ្លាញដោយរុយស
វិធីសាស្ត្រពិនិត្យវត្តមានរុយសលើដំណាំស្រូវ ៖
• ត្រូវគោះស្លឹកស្រូវ រួចពិនិត្យមើលមានឃើញរុយសហើរដែរឬទេ
• ពិនិត្យមើលផ្នែកខាងក្រោមនៃស្លឹកស្រូវ
• ត្រូវយកចិត្តទុកដាក់បំផុត នៅពេលស្រូវបែកគុម្ពដល់ចេញផ្កា
• ពិនិត្យស្រែដែលនៅជិតចម្ការត្របែក ចម្ការដំឡូងមី និងសួនបន្លែ
• ចុះពិនិត្យស្រែណាដែលប្រើប្រាស់ជីអាសូតច្រើន
• ចុះពិនិត្យពូជស្រូវក្រអូប និងស្រូវដំណើបដែលរុយសចូលចិត្តបំផ្លាញ។
-វិធានការគ្រប់គ្រងនិងកម្ចាត់រុយស
• ស្វែងរកពូជស្រូវដែលធន់ជាមួយរុយស ជាពិសេសពូជស្រូវដែលមានស្លឹកឈរត្រង់
• ស្ទូង ឬពគ្រោះឱ្យបានស្រុះគ្នា កុំឱ្យក្រាស់ពេក ក្រាសពេក
• ប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ប្រើប្រាសប្រើអន្ទាក់ស្អិតពណ៌លឿងសម្រាប់ត្រួតពិនិត្យមើលវត្តមានរុយសដើម្បី • ប្រើអន្ទាក់ស្អិតពណ៌លឿងសម្រាប់ត្រួតពិនិត្យមើលវត្តមានរុយសដើម្បីចាត់វិធានការកម្ចាត់ឱ្យបានទាន់ពេលវេលា
• ចុះពិនិត្យវត្តមានរុយសក្នុងស្រែជាប្រចាំយ៉ាងហោចណាស់ ២ ឬ ៣ដង ក្នុងមួយសប្តាហ៍
• នៅពេលមានវត្តមានរុយសចន្លោះ ៣០-៤០ ក្បាល/គុម្ព ត្រូវចាត់វិធានការកម្ចាត់
• សម្អាតស្មៅដែលជាជម្រករុយសទាំងក្នុងស្រែនិងបរិវេណជុំវិញស្រែ
• ក្នុងករណីបំផ្លាញធ្ងន់ធ្ងរ ត្រូវបាញ់ថ្នាំកសិកម្ម ដូចជា Acephate, Etofenprox, Buprofezin, Abamectin, Imidacloprid ឬ Thiamethoxam ហើយបាញ់នៅពេលព្រឹកចាប់ពីម៉ោង ៦-៩ ព្រឹក
• បញ្ជាក់៖ ត្រូវជ្រើសរើសថ្នាំកសិកម្មណាដែលមានការចុះបញ្ជីកាត្រឹមត្រូវ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print