លោក ពូទីន ទៅដល់ប្រទេសកាហ្សាក់ស្ថាន ដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO ដែលមានប្រធានាធិបតីចិន ចូលរួមផង​ដែរ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា វិមានក្រឹមឡាំង បានឱ្យដឹងថា នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសកាហ្សាក់ស្ថាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយ ស្តីពីបញ្ហាសន្តិសុខនិងការពារជាតិនៅក្នុងតំបន់ ព្រមទាំងកិច្ចប្រជុំទ្វេភាគីមួយចំនួន ក្នុងនោះរួមមានទាំង ជាមួយមេដឹកនាំចិននិងតួកគីផងដែរ។

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO គឺជាវេទិកាសន្តិសុខ-ការពារជាតិមួយ ដែលផ្តួចផ្តើមឡើងដោយចិននិងរុស្ស៉ី កាលពីឆ្នាំ២០០១ ក្នុងនាមជាអាណាព្យាបាលផ្នែកសន្តិសុខ នៅក្នុងតំបន់អឺរ៉ាស៉ី (Eurasia)។ កិច្ចប្រជុំកំពូល SCO នឹងប្រព្រឹត្តទៅនាថ្ងៃទី៣-៤ ខែកក្កដា នៅរដ្ឋធានីអាស្តាណា របស់កាហ្សាក់ស្ថាន។ បើតាមវិមានក្រឹមឡាំង មេដឹកនាំនៃបណ្តាប្រទេសជាសមាជិក SCO នឹងពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន ក៏ដូចជាអនាគត សម្រាប់ការបង្កើន កិច្ចសហប្រតិបត្តិលើវិស័យផ្សេងៗ ឱ្យកាន់តែស៉ីជម្រៅថែមទៀតនៅក្នុង SCO ហើយធ្វើឱ្យប្រសើរឡើង នូវសកម្មភាពរបស់អង្គការនេះ។
ក្រៅពីរុស្ស៉ីនិងចិន មេដឹកនាំព្រមទាំងតំណាងមកពីប្រទេសដទៃទៀត ដូចជាអាស៊ែបៃហ្សង់ បេឡារុស ឥណ្ឌា អ៉ីរ៉ង់ កាតា កៀហ្ស៉ីស៉ីស្ថាន ម៉ុងហ្គោលី អេមីរ៉ាតអារ៉ាប់រួម ប៉ាគីស្ថាន តាហ្ស៉ីគីស្ថាន តួកម៉េនីស្ថាន តួកគី និងអ៊ូសបេគីស្ថាន ក៏ចូលរួមផងដែរ។
បើតាមការឱ្យដឹងពីរុស្ស៉ីកាលពីថ្ងៃអង្គារ លោក ពូទីន ត្រូវរំពឹងថា នឹងបើកជំនួបពិភាក្សាទ្វេភាគីមួយចំនួន រួមមានទាំងជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ព្រមទាំងជាមួយប្រធានាធិបតីតួកគី លោក Tayyip Erdogan។ ចំណែក នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ដែលនឹងមកបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ ក្នុងខែកក្កដានេះ គឺមិនបានទៅចូលរួមកិច្ចប្រជុំកំពូល SCO ឡើយ ដោយឥណ្ឌានឹងត្រូវតំណាងដោយ រដ្ឋមន្រ្តីការបរទេស លោក Subrahmanyam Jaishankar៕

...

រូប​ថត​: Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print