ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងថា អ្វីគ្រប់យ៉ាងរបស់រាជរដ្ឋាភិបាលដែលបានធ្វើ និងកសាងទាំងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធកន្លងមកនេះ គឺដើម្បីបង្កើតឱកាសប៉ុណ្ណោះ សម្រេចគោលដៅទៅថ្ងៃខាងមុខ គឺអាស្រ័យលើតួអង្គខ្លួនឯង។
-សម្តេចធិបតី ប្រកាសលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ត្រូវ មានការត្រៀមឯកសារ និងការស្រាវជ្រាវបន្ថែមទៀត សម្រាប់សិស្ស និស្សិតរបស់ខ្លួន ខណៈសម័យគេដល់អេអាយហើយ យើងទើបតែចាប់ផ្តើមកុំព្យូទ័រនោះ។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ លើការពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ពីព្រោះលោកគ្រូ អ្នកគ្រូដែលខ្លាំង និងបណ្ដុះបណ្ដាលបានសិស្សដែលខ្លាំង និងមានគុណភាពខ្ពស់ដូចគ្នាដែរ។
-សម្តេចធិបតី ថ្លែងថា ឆ្អឹងខ្នងរបស់វិស័យអប់រំ គឺជាគ្រូ ដូច្នេះ គ្រូត្រូវតែខ្លាំង និងត្រូវតែពង្រឹងបន្ថែមទៀត ដោយត្រូវតែមានចំណេះចំនាញគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើកំណែទម្រង់សម្រាប់វិស័យអប់រំនោះ។
-សម្តេចធិបតី ថ្លែងណែនាំឱ្យក្រសួងពាក់ព័ន្ធ គិតគូរ និងជួយឧបត្ថម្ភដល់ស្រ្ដីមានផ្ទៃពោះដែលជាពិរុទ្ធជននៅតាមពន្ធនាគារ។
-សម្ដេចធិបតី ថ្លែងថា ដើម្បីពង្រឹងគុណភាពលើវិស័យអប់រំ រដ្ឋតម្រូវឱ្យលោកគ្រូ អ្នកគ្រូ មានចំណេះដល់កម្រិតថ្នាក់បត្របរិញ្ញាបត្រ និងថ្នាក់បត្របរិញ្ញាបត្រជាន់ខ្ពស់។
-សម្ដេចធិបតី ថ្លែងណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសង្គមកិច្ច និង ប.ស.ស ជួបពិភាក្សាគ្នាដើម្បីរៀបចំអត្ថប្រយោជន៍ផ្សេងដល់ ស្ត្រីមានផ្ទៃពោះជាប់ឃុំនៅតាមពន្ធនាគារ ដើម្បីទទួលបានអត្ថប្រយោជន៍តាមប្រព័ន្ធគាំពារសង្គម។
-សម្ដេចធិបតី ថ្លែងអំពីការជ្រើសរើសមន្ត្រីអប់រំ ទាំងគ្រូបង្ក្រៀន ទាំងនាយកសាលា ត្រូវតែមានស្ដង់ដារតែមួយ តាមគោលការណ៍រួម។
បេីតាមការបញ្ជាក់ពីលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា៖ «កន្លងមកដោយសារកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងសង្គម-សេដ្ឋកិច្ច និងដោយសារការខ្វះធនធានមនុស្សចាប់ពីទសវត្សឆ្នាំ ១៩៨០ ក្រសួងអប់រំ យុវជន និងកីឡា បានប្រើរូបមន្តច្រើន ដើម្បីបណ្តុះបណ្តាលគ្រូបង្រៀន និងកំណែទម្រង់ប្រឡង»។
លោករដ្ឋមន្ត្រី បានលើកឡើងពីតម្រូវការកំណែទម្រង់លើការបង្រៀន និងបណ្តុះបណ្តាលគ្រូ ដោយមើលឃើញថា ការអនុវត្តកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ ២០១៤ រួចមក សិស្សដែលប្រឡងជាប់លើកទី១ បានត្រឹមតែ ២៥ % តែប៉ុណ្ណោះ។ ចំនួនសិស្សដែលប្រឡងជាប់មានកម្រិតទាបនេះ ត្រូវបានលោករដ្ឋមន្រ្តីចាត់ទុកថា នេះជាលទ្ធផលមិនល្អដោយសារចំណេះដឹងមូលដ្ឋានរបស់សិស្សនៅខ្សោយ និងកត្តាគ្រូបង្រៀន។
លោកបន្ថែមថា នៅឆ្នាំ២០១៥ ក្រសួងអប់រំ បានដាក់ចេញនូវផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ស្របតាមគោលនយោបាយស្តីពីគ្រូបង្រៀន ឆ្នាំ ២០១៣ (TPAP) ក្នុងគោលដៅលើកកម្ពស់កិត្តិយស តួនាទី និង ឋានៈរបស់គ្រូបង្រៀននៅក្នុងសង្គម តាមរយៈការរៀបចំចក្ខុវិស័យថ្មីសម្រាប់វិជ្ជាជីវៈគ្រូបង្រៀននៅកម្ពុជា ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាល ការដំឡើងបៀវត្ស និងការបង្កើនគុណវុឌ្ឍិគ្រូ ការអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន។ ជាពិសេសការផ្លាស់ប្តូរវិធីសាស្ត្របង្រៀន និងរៀន សំដៅឈានទៅបង្កើនលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង។
លោក ហង់ជួន ណារ៉ុន បានឱ្យដឹងទៀតថា ការបណ្តុះបណ្តាលគ្រូបង្រៀនរួមមានវិធីសាស្រ្តជាច្រើនដែលបានដាក់ចេញ ក្នុងនោះរួមមាន សាលាគរុកោសល្យ និងវិក្រឹតការរាជធានីខេត្តទាំង ១៨ និងសាលាមធ្យមសិក្សា គរុកោសល្យមត្តេយ្យមជ្ឈិមបណ្តុះបណ្តាលគ្រូបឋមសិក្សា និងមត្តេយ្យសិក្សារយៈពេលវែង។ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង ៦ បានបង្កើតឡើងសម្រាប់បណ្តុះបណ្តាលគ្រូមធ្យមសិក្សាបឋមភូមិបង្រៀននៅអនុវិទ្យាល័យ និងការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តមប្រមាណជាង ១សែននាក់។
ក្នុងន័យនេះ កំណែទម្រង់គ្រូបង្រៀនបានផ្ដោតលើយុទ្ធសាស្ត្រចំនួន ៩ គឺ៖ ទី១.កសាង លិខិតបទដ្ឋានគតិយុត្តនិងយន្តការ ទី២.ទាក់ទាញអ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈគូបង្រៀន ទី៣.កំណត់ស្តង់ដាប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀន ទី៤.អភិវឌ្ឍគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ទី៥.ធ្វើសនិទានកម្មគ្រូបង្រៀនឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់គ្រឹះស្ថានសិក្សា ទី៦.អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ទី៧.លើកទឹកចិត្តនិងរក្សាទុកគ្រូបង្រៀន ទី៨. ពង្រឹងប្រសិទ្ធភាពអ្នកដឹកនាំសាលារៀន និងទី៩.ពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យនិងវាយតម្លៃគ្រូបង្រៀន។
លោក ហង់ជួន ណារ៉ុន គូសបញ្ជាក់ទៀតថា លទ្ធផលនៃការអនុវត្តកំណែទម្រង់គ្រូបង្រៀននេះ ក៏ដើម្បីទាក់ទាញបេក្ខជនរៀនពូកែចូលធ្វើគ្រូបង្រៀន ខណៈរាជរដ្ឋាភិបាលបានដំឡើងបៀវត្សគ្រូបង្រៀនចាប់ពីឆ្នាំ ២០១៣ដល់ឆ្នាំ ២០២៤។ ជាពិសេស រដ្ឋបានយកចិត្តទុកដាក់ដល់ជីវភាពគុរសិស្ស និងគរុនិស្សិតដោយផ្តល់អាហាររូបករណ៍ ៧០ % នៃបៀវត្សសរុប ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាល៕ដោយ៖តារា