បទវិភាគអន្តរជាតិ ៖ ផ្សព្វផ្សាយ”ស្មារតីសៀងហៃ” ផ្តល់ផែនការចិន អង្គការសហប្រតិបតិ្តការសៀងហៃរួមចំណែកជាកម្លាំងចលករដើម្បីគាំពារសន្តិភាពនិងវិបុលភាពពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ ពេលថ្មីៗនេះ កិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO)បានប្រារព្ធធ្វើនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការពិគ្រោះពិភាក្សាអំពីផែនការអភិវឌ្ឍន៍និងប្រមូលផ្តុំគំនិតឯកភាពរួមនៃកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាក្នុងតំបន់ ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមាននិងកម្លាំងចលករថ្មីកាន់តែច្រើនសម្រាប់គាំពារសន្តិភាពនិងវិបុលភាពនៃមហាដីគោកអឺរ៉ាស៊ីនិងពិភពលោក ។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់កើតមានក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅកំពុងវិវត្តទៅមុខយ៉ាងលឿន ស្ថានការណ៍អន្តរជាតិកំពុងជួបនឹងភាពរង្គោះរង្គើ ដូច្នេះ ក្តីរំពឹងទុករបស់ប្រជាជននៃបណ្តាប្រទេសនៅតំបន់អឺរ៉ាស៊ីចំពោះសន្តិភាពនិងការអភិវឌ្ឍមានភាពកាន់តែខ្លាំងក្លានិងគោលបំណងស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយប្រទេសចិនមានភាពកាន់តែមុតមាំ ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅតំបន់អាស៊ីកណ្តាលគឺជាសកម្មភាពការទូតដ៏សំខាន់មួយទៀតដែលធ្វើឡើងដោយប្រទេសចិនចំពោះបណ្តាប្រទេសអាស៊ីកណ្តាលនិងមហាដីគោកអឺរ៉ាស៊ី ដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការជំរុញការកសាងសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលមានភាពកាន់តែជិតស្និទ្ធនិងគ្រោងផែនការគោលថ្មីសម្រាប់ជំរុញការអភិវឌ្ឍទំនាក់ទំនងមិត្តភាពចិន-កាហ្សាក់ស្ថាននិងចិន-តាជីគីស្ថាន ក៏ដូចជារួមចំណែកជាពុទ្ធិចិននិងកម្លាំងចិនក្នុងការគាំពារសន្តិភាពពិភពលោកនិងជំរុញការអភិវឌ្ឍរួមផងដែរ ។
សូមបញ្ជាក់ថា អង្គការសហប្រតិបត្តិការសៀងហៃគឺជាអង្គការសហប្រតិបត្តិការក្នុងតំបន់ដែលមានចំនួនប្រជាជនច្រើនបំផុតនិងមានទឹកដីដ៏ធំល្វឹងល្វើយបំផុតនៅលើពិភពលោកដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក ។ ក្នុងនាមជាប្រទេសស្ថាបនិកមួយក្នុងចំណោមរដ្ឋស្ថាបនិកនៃអង្គការ SCO ប្រទេសចិនបានតម្កល់ទុកការជំរុញការអភិវឌ្ឍនៃអង្គការសហប្រតិបត្តិការសៀងហៃជាទិសដៅអាទិភាពក្នុងកិច្ចការទូតរបស់ខ្លួន ។ ពីការលើកឡើងនូវទស្សនៈអភិវឌ្ឍន៍ ទស្សនៈសន្តិសុខ ទស្សនៈសហប្រតិបត្តិការ ទស្សនៈអរិយធម៌និងទស្សនៈអភិបាលកិច្ចសកលរបស់ចិនដល់ការកសាង”សហគមន៍រួមសុខាភិបាល ” “សហគមន៍រួមសន្តិសុខ” “សហគមន៍រួមអភិវឌ្ឍន៍”និង”សហគមន៍រួមវប្បធម៌មនុស្សជាតិ”រហូតដល់ការអធិប្បាយពីខ្លឹមសារជាស្នូលនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តល់ជា”ផែនការចិន”សម្រាប់កសាងសហគមន៍រួមវាសនាក្នុងតំបន់និងទំនាក់ទំនងអន្តរជាតិបែបថ្មី ។
គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ កាលពីឆ្នាំ ២០១៣ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់សេដ្ឋកិច្ចនៃផ្លូវសូត្រ”ជាលើកដំបូង ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អង្គការ SCO បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ប្រទេសនានាក្នុងតំបន់ដែលត្រូវគ្របដណ្តប់ទាំងនោះបានប្រែពីកិច្ចសហប្រតិបត្តិការនៃគម្រោងទៅជាការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ពីកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានពង្រីកទៅដល់កិច្ចសហប្រតិបត្តិការពហុភាគី ហើយកម្លាំងរស់រវើកនៃសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានបំផុសនិងការអភិវឌ្ឍដោយស៊ីសង្វាក់គ្នានៃប្រទេសក្នុងតំបន់មានអនាគតយ៉ាងទូលំទូលាយ ។
យើងបានមើលឃើញថា គំនិតផ្តួចផ្តើមរបស់ចិន ដូចជាការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”និងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិជាដើមត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឯកសារសមិទ្ធផលនៃយន្តការអង្គការសហប្រតិបត្តិការសៀងហៃ ចំណែកគំនិតផ្តួចផ្តើមរបស់ចិនដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលជាដើមទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកក្នុងអង្គការនេះ ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ អង្គការ SCO បានផ្តោតសំខាន់លើសន្តិភាពនិងការអភិវឌ្ឍ ហើយបានដើរតាមផ្លូវអភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះនិងវិបុលភាពរួម ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខគឺជាមូលដ្ឋានគ្រឹះនៃអង្គការ SCO ។ ពីការធ្វើកិច្ចសហប្រតិបតិ្តការក្នុងការបង្ក្រាប”កម្លាំងជ្រុលនិយមទាំងបី”និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀនដល់ការធ្វើសមយុទ្ធយោធារួមប្រឆាំងនឹងភេរវកម្មនិងការកំណត់នូវយន្តការកិច្ចប្រជុំគ្រប់ជាន់ថ្នាក់ សមត្ថភាពរបស់អង្គការ SCO ក្នុងការដោះស្រាយហានិភ័យខាងសន្តិសុខត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។

ដោយឡែកក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកបានផ្តល់កម្លាំងចលករដ៏មានស្ថិរភាពដល់ការអភិវឌ្ឍនៃអង្គការ SCO ។ យោងតាម«របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មក្នុងរយៈពេល២០ឆ្នាំបន្ទាប់ពីបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ»ដែលចេញផ្សាយកាលពីឆ្នាំ ២០២២ បង្ហាញឱ្យឃើញថា ទំហំពាណិជ្ជកម្មសរុបនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃបានកើនឡើងជិត ១០០ ដងក្នុងរយៈពេល ២០ ឆ្នាំ ដែលសមាមាត្រក្នុងទំហំពាណិជ្ជកម្មសរុបជាសកលបានកើនឡើងពី ៥,៤ ភាគរយក្នុងឆ្នាំ ២០០១ ទៅដល់ ១៧,៥ ភាគរយក្នុងឆ្នាំ ២០២០ ហើយឥទ្ធិពលនៃពាណិជ្ជកម្មសកលរបស់រដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃបានបន្តកើនឡើង ។
ការអភិវឌ្ឍនៃអង្គការ SCO គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវ”ស្មារតីសៀងហៃ” ហើយក៏បានបង្ហាញពីកម្លាំងជីវិតនៃ”ស្មារតីសៀងហៃ”ផងដែរ ។ ក្នុងរយៈពេលជាង ២០ ឆ្នាំបន្ទាប់ពីបានបង្កើតឡើងមក អង្គការ SCO បានបង្កើតរូបមន្តសហប្រតិបត្តិការបែបថ្មីសម្រាប់ប្រទេសដែលមានរបបសង្គមនិងផ្លូវអភិវឌ្ឍន៍ខុសៗគ្នាក្នុងការរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបតិ្តការ ការបើកទូលាយនិងឈ្នះឈ្នះ បរិយាប័ន្ននិងការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយបានបង្កើតជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មីនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់បែបថ្មី ។ ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលបាននិងកំពុងកើតមានបម្រែបម្រួលយ៉ាងស្មុគស្មាញនិងស៊ីជម្រៅ ព្រមនិងបញ្ហាប្រឈមសកលសំខាន់ៗ ប្រទេសចិនបានបំពេញបន្ថែមនិងកែលំអជាបន្តបន្ទាប់នូវខ្លឹមសារក្នុងយុគសម័យថ្មីនៃ”ស្មារតីសៀងហៃ”តាមរយៈការខិតខំប្រឹងប្រែងយ៉ាងប្រាកដប្រជារបស់ខ្លួន ។
ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍កន្លងមក រដ្ឋសមាជិកនានានៃអង្គការសហប្រតិបត្តិការសៀងហៃត្រូវជ្រោងទង់នៃ”ស្មារតីសៀងហៃ” បង្កើនការកសាងទំនុកចិត្តទៅវិញទៅមកនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ខិតខំសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចរៀងៗខ្លួន ជំរុញការយោគយល់គ្នានិងរាប់អានគ្នាទៅវិញទៅមករវាងប្រជាជននៃបណ្តាប្រទេសនានា ក៏ដូចជាបន្តដើរតាមផ្លូវត្រឹមត្រូវដែលឆ្ពោះទៅរកការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិនិងសម្របទៅតាមចរន្តយុគសម័យនៃសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដើម្បីជំរុញការកសាងពិភពលោកកាន់តែល្អបវរ ។
ប្រវត្តិសាស្ត្របាននិងបន្តបញ្ជាក់ថា ការប្រកាន់ខ្ជាប់ចំណងមេត្រីភាពនិងសុខដុមរមនាជាមួយប្រទេសជិតខាងមុខជានឹងជម្នះលើការយកប្រទេសជិតខាងជាសត្រូវ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកមុខជានឹងជំនួសការប្រកួតប្រជែងផលបូកសូន្យបាន ហើយពហុភាគីនិយមមុខជានឹងជម្នះឯកតោភាគីនិយមជាក់ជាមិនខាន ។ បន្ទាប់ពីកិច្ចប្រជុំកំពូល Astana ប្រទេសចិននឹងធ្វើជាប្រធានប្តូរវេននៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៤-២០២៥ ។ ប្រទេសចិននឹងរួមសហការជាមួយគ្រប់ភាគី ក្រោមការណែនាំនៃ”ស្មារតីសៀងហៃ” ធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដូចជានយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម ដើម្បីជំរុញការកសាងសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលមានភាពកាន់តែស្អិតល្មួត ក៏ដូចជារួមចំណែកជាកម្លាំងកាន់តែច្រើនក្នុងការគាំពារសន្តិភាពយូរអង្វែងនិងវិបុលភាពរួមនៃពិភពលោក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print