ភ្នំពេញ÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបុណ្យខួបគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូន ឯកឧត្តម ហោ ណាំបូរ៉ា នារសៀល ថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។
លោក ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតនៃព្រះរាជណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលត្រូវ ជាកូនប្រុសបង្កើតរបស់កិត្តិបរិតក្សបណ្ឌិតហោណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលឧបាសកបានទទួលអនិច្ចកម្ម កាលពីថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:១១នាទី ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់លោកហោ ណាំបូរ៉ា គឺជាការបាត់បង់ដ៏ធំធេងនូវ ស្វាមី ឪពុក ជាទីគោរពស្រឡាញ់ ប្រកបទៅដោយព្រហ្មវិហារធម៌ សង្គហធម៌ដ៏ល្អប្រពៃ ក៏ដូចជាបាត់បង់នូវធនធានមនុស្សមួយរូបដោយ ពោរពេញដោយឆន្ទៈ មនសិកសា ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យការទូតកម្ពុជា តាមរយៈ ការបំពេញ បេសកកម្មនៅបណ្តាប្រទេសជាមិត្តជាច្រើន ប្រកប ដោយឧត្តមគតិខ្ពស់ ដោយតម្កល់ផលប្រយោជន៍ជាតិជាចម្បង។
សម្តេចកិត្តិសង្គហបណ្ឌិត ចូលរួមរំលែកមរណទុក្ខជាមួយ កិត្តិបរិតក្សបណ្ឌិត ហោ ណាំហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ហោ ណាំបូរ៉ា សូមបានចាប់កំណើតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕