ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរ បាល ជំនាន់ទី១១ និងថ្នាក់ បរិញ្ញាបត្រជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ ជូនដល់និស្សិតនាយនគរបាលបន្តវេននិងមន្រ្តីពន្ធនាគារ ចំនួន២២៣នាក់។
ជាកិច្ចចាប់ផ្ដើម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធាន បណ្ឌិត្យសភានគរបាល កម្ពុជាបានថ្លែងសុន្ទរកថាស្វាគមន៍និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនិងបរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ រួមនឹងសមិទ្ធផល នានាជា ច្រើននិងបានលើកឡើងអំពីប្រវត្តិនៃការជ្រើសរើសនិស្សិតនគរបាលផងដែរ។
នាយឧត្តមសេនីយ៍ បានរំលឹកថា ដំបូងឡើយ ក្រសួងមហាផ្ទៃបានធ្វើ ការជ្រើស រើសពីក្នុងចំណោម មន្ត្រីនគរបាលជាតិដែលមានក្រប ខ័ណ្ឌស្រាប់ឱ្យមកចូលរៀនថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០១៩មក ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើការជ្រើសរើសនេះ ដោយត្រូវជ្រើសរើសពីក្នុងចំណោមយុវជននិងយុវនារី ដែលមានសញ្ញាបត្របាក់ឌុប។
ថ្លែងក្នុងពិធីនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃត្រូវធ្វើការជ្រើសរើស មន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មីបីប្រភេទជារៀងរាល់ឆ្នាំ ដើម្បីបំពេញជួសមន្រ្តីឬគ្រូនគរបាលជាតិដែលចូលនិវត្តន៍ ទទួលមរណភាព ការលុបឈ្មោះចេញពីក្របខ័ណ្ឌ ការបាត់បង់សមត្ថភាពការងារ និងការផ្ទេរចេញ ដូចខាងក្រោម៖
ប្រភេទទី១ : ជ្រើសរើសមន្ត្រីនគរបាលជាតិដែលត្រូវបំពេញការងារនៅតាមអង្គភាពជំនាញនានាពិសេសប៉ុស្តិ៍នគរបាលរដ្ឋាបាល ដែលត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលរយៈពេល៤ខែ។
ប្រភេទទី២ : ការជ្រើសរើសឱ្យចូលបម្រើការងារជាគ្រូនគរបាលជាតិ ដោយធ្វើការបណ្ដុះបណ្ដាលក្នុងរយៈពេលកំណត់មួយ ដើម្បីឱ្យ ក្លាយជាគ្រូនគរបាលជាតិបន្តវេនជំនាញនគរបាលនិងត្រូវឆ្លងកាត់វគ្គគរុកោសល្យ បន្ថែម ទៀត។
ប្រភេទទី៣ : ការជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជារៀងរាល់ឆ្នាំតាមរយៈការប្រឡងប្រជែង ដែលត្រូវសិក្សារយៈ ពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
លោកអភិសន្តិបណ្ឌិតបានថ្លែងកោតសរសើរដល់ប្អូនៗជានិស្សិតនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ!
សូមបញ្ជាក់ថា ៖ ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា ។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រឹកនេះជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ៕