លោក ស៊ូ ម៉ុល អំពាវនាវដល់ប្រជាកសិករក្នុង ស្រុករមាសហែក សូមឧស្សាហ៍ចុះមកពិនិត្យដំណាំស្រូវរបស់ខ្លួនឲ្យបានញឹកញាប់ ប្រសិនបើ កសិករជួបប្រទះ និងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក អំពាវនាវដល់ប្រជាកសិករក្នុងឃុំទាំង១៦នៅ ស្រុករមាសហែក សូមឧស្សាហ៍ចុះមកពិនិត្យដំណាំស្រូវរបស់ខ្លួនឲ្យបានញឹកញាប់ប្រសិនបើ កសិករជួបប្រទះ និងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំនងទៅមន្ត្រីកសិកម្ម ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ។

ការអំពាវនាវបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៤ ក្នុងពិធីបើកវេទិការសាធារណ:ភូមិឃុំសង្កាត់មានសុវត្ថិភាព និងធ្វើការផ្សព្វផ្សាយពីដង្កូវហ្វូង រុយស និងដង្កូវ មូរស្លឹក ដែលបំផ្លាញស្រូវរបស់បងប្អូនប្រជាពលរដ្ឋ និង បើក ការដ្ឋានផ្លូវ ចាក់ថ្មបំបែក ឆ្លងកាត់៣ភូមិ ភូមិថ្មីភូមិអន្សោងនិងភូមិត្រពាំងស្មាច់ មានប្រវែង៤២៦៣ ម៉ែត្រគម្រោងរបស់មូលនិធិឃុំជ្រៃធំឆ្នាំ២០២៤។

ការចុះផ្សព្វផ្សាយនេះស្ថិតនៅវត្តត្រពាំងស្លារ ស្ថិតនៅឃុំដូង ឃុំជ្រៃធំ ឃុំ សម្បត្តិមានជ័យ ស្រុករមាសហែក ដោយមានការចូលរួមពីលោកមេឃុំ លោកមេប៉ុស្ត៏ លោកប្រធានការិយាល័យកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ សមាជិកក្រុមប្រឹក្សាឃុំផងដែរ។

លោក អភិបាលស្រុក ក៏បានណែនាំឱ្យបងបងប្អូន ប្រជាពលរដ្ឋ ធ្វើការតាមដានពពួកសត្វ​មេអំបៅទៅលើដង្កូវហ្វូង ឱ្យបានជាប់ជាប្រចាំ ប្រសិនបើ​ប្រជាកសិករមានជួបបញ្ហាប្រឈម ត្រូវទាក់ទងទៅកាន់មន្ត្រីកសិកម្មឃុំ ដើម្បីជួយអន្តរគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលា។

លោកបញ្ជាក់ថា នៅក្នុងការចុះអប់រំផ្សព្វផ្សាយនោះ មន្ត្រីជំនាញ ណែនាំដល់ប្រជាកសិករនូវវិធានការមួយចំនួនដើម្បីចូលរួមការពារទប់ស្កាត់ និងកម្ចាត់សត្វដង្កូវឱ្យបានទាន់ពេលវេលា ដូចជា ការជីកបង្ហូរស្ទាក់កម្ចាត់ដោយដាក់ផេះ ឬកន្ទក់ក្នុងចង្អូរ, ពន្លិចទឹកក្នុងស្រែឱ្យផុតចុងស្រូវរយៈពេលចន្លោះ២ ទៅ៣ថ្ងៃ សម្អាតស្មៅក្នុង និងតាមភ្លឺស្រែជាដើម។

បន្ថែមពីនេះ លោក បានលើកទឹកចិត្តទៅប្រជា​កសិករតាមបណ្ដាឃុំ ទាំង១៦ក្នុងស្រុក រមាសហែក ដាំដើមឈើហូបផ្លែផ្សេងទៀត ដែលមាន​សក្តានុពល​នៅលើភ្លឺស្រែ ដើម្បីបង្កើនចំណូលបន្ថែម ក្រៅពីធ្វើស្រែថែមទៀតផង។

ចំពោះ វិធានការគ្រប់គ្រងនិងកម្ចាត់រុយស
ត្រូវចុះពិនិត្យវត្តមានរុយសក្នុ យ៉ាងតិច ២-៣ដង ក្នុងមួយសប្តាហ៍
នៅពេលមានវត្តមានរុយសចន្លោះ ១០-៤០ ក្បាល/គុម្ព ប្រើប្រាស់វិធានការគីមីដោយប្រើថ្នាំកសិកម្ម បាញ់ថ្នាំនៅ ពេលព្រឹកចន្លោះម៉ោង ៦:០០-៩:០០ព្រឹក។
សម្អាតស្មៅដែលជាជម្រករុយសទាំងក្នុងនិងបរិវេនស្រែ។
ប្រើអន្ទាក់ស្អិតពណ៌លឿង ឬពណ៌បៃតងដោតក្នុងស្រែ។

ក្នុងករណីមានប្រជាកររុយសតិច ប្រើល្បាយទឹកសាប៊ូ ដែលមានសាប៊ូម្សៅចំនួន ៤ស្លាបព្រា លាយប្រេងឆាចំនួន ៨ស្លាបព្រានិងទឹកចំនួន ១០លីត្រ បាញ់នៅពេលព្រឹក ឬល្ងាច
បាញ់ថ្នាំផ្សំពីរុក្ខជាតិ (ផ្សំស្លឹកទៀប ២គក្រ ស្លឹកប្រេងខ្យល់ ២គក្រ ឱ្យស្អាតហើយបាញ់កន្លែងដែលកើតរុយស) បុកឱ្យម៉ដ្ឋច្របល់ជាមួ ជាមួយទឹក ១០លីត្រ រួចចោះ។
ក្នុងករណីត្រូវប្រើប្រាស់ថ្នាំកសិកម្ម ត្រូវជ្រើសរើសថ្នាំកសិកម្មណាដែលមានបញ្ជីការត្រឹមត្រូវ។

...

បន្ទាប់មក នារសៀលថ្ងៃដដែលនេះដែរ លោកស៊ូ ម៉ុល អភិបាលស្រុក និងក្រុមការងារក៏បានបន្ត ចុះផ្សព្វផ្សាយពីដង្កូវហ្វូង រុយស និងដង្កូវ មូរស្លឹក ដែលបំផ្លាញស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅឃុំត្រពាំងស្ដៅនិងឃុំមុខដាស្រុករមាសហែកផងដែរ៕ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print