មន្ត្រីជាន់ខ្ពស់បន្តចុះពិនិត្យទីតាំង បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអមដំណើរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការពិសេស អញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ។

តាមគម្រោង ព្រែកជីកនេះ នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។ គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។ គម្រោងនេះក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ។ 

សូមឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ!

ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។

ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។

ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។

ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។

ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)

ចំពោះហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។

អត្ថប្រយោជន៍៖ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print