បទវិភាគអន្តរជាតិ ៖របាយការណ៍ចំនួនពីរច្បាប់លាតត្រដាងថា តើអ្នកណាជាអ្នកបំផ្លាញបរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូងដ៏ពិតប្រាកដ !

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ បានផ្សាយថា ៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ រដ្ឋាភិបាលចិនបានចេញផ្សាយរបាយការណ៍សំខាន់ស្តីពីសមុទ្រចិនខាងត្បូងចំនួនពីរច្បាប់ ។ មួយគឺ «របាយការណ៍ស្តីពីការស៊ើបអង្កេតនិងវាយតម្លៃចំពោះសភាពការណ៍បរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan »ដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែកក្កដា មួយទៀតគឺ «របាយការណ៍ស្តីពីការស៊ើបអង្កេតអំពីករណីដែលនាវាចម្បាំងហ្វីលីពីនទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai បានបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក»ដែលបានចេញផ្សាយកាលពីថ្ងៃទី ៨ ខែកក្កដា ។ របាយការណ៍ទាំងពីរច្បាប់នេះសុទ្ធតែបានធ្វើការស៊ើបអង្កេតប្រកបដោយឯកទេសនិងភាពលម្អិតដើម្បីធ្វើការវិភាគលើសភាពការណ៍ប្រព័ន្ធអេកូឡូស៊ីនៃកោះ Huangyan និងថ្មប៉ប្រះទឹក Ren’ai ដែលទទួលបានការសន្និដ្ឋានខុសៗគ្នាថា បរិស្ថាននៅលំហសមុទ្រកោះ Huangyan គឺមានគុណភាពល្អប្រសើរ ហើយប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹកក៏មានភាពល្អបរិសុទ្ធផងដែរ ។ ផ្ទុយទៅវិញ ប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក Ren’ai រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ មូលហេតុសំខាន់គឺ ការទុកចោលនាវាចម្បាំងដោយខុសច្បាប់របស់ហ្វីលីពីនព្រមទាំងសកម្មភាពពាក់ព័ន្ធរបស់ពួកគេ ។

គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ភាគីហ្វីលីពីនបានចេញផ្សាយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៩ ខែកក្កដាដោយចោទប្រកាន់ថា ប្រទេសចិនជាអ្នកបង្កការបំផ្លិចបំផ្លាញដែលមិនអាចស្រោចស្រង់បានចំពោះផ្កាថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ។ យ៉ាងណាមិញ ការប្រឌិតរឿងក្លែងក្លាយរបស់ហ្វីលីពីនមិនអាចលាក់បាំងទង្វើរំលោភសិទ្ធិរបស់ខ្លួននៅសមុទ្រចិនខាងត្បូងបានទេ ហើយក៏មិនអាចបំភាន់មតិអន្តរជាតិបានដែរ វាមានតែបញ្ជាក់ថែមមួយកម្រិតទៀតថា ហ្វីលីពីនជាអ្នកបង្កការបំផ្លាញដល់បរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូង ។
ដោយផ្អែកលើទិន្នន័យពីផ្កាយរណបដែលអាចបញ្ជាពីចម្ងាយនិងការស៊ើបអង្កេតនៅនឹងកន្លែង ប្រទេសចិនបានរកឃើញថា នាវាចម្បាំងរបស់ហ្វីលីពីនដែលទុកចោលដោយខុសច្បាប់អស់រយៈពេល ២៥ ឆ្នាំនោះបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ពិពិធកម្ម ស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹកនៅថ្មប៉ប្រះទឹក Ren’ai ។ នាវាចម្បាំងដែលត្រូវបានដុះច្រែះជាបន្តបន្ទាប់ព្រមនិងសកម្មភាពពាក់ព័ន្ធរបស់មនុស្សនៅលើនាវាគឺជាមូលហេតុសំខាន់ដែលបំផ្លាញបរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូង ។
អាចឃើញថា សេចក្តីសន្និដ្ឋានដែលប្រទេសចិនទទួលបានទាំងនេះគឺ ឈរលើការពិតជាក់ស្តែងនិងតាមរយៈការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រ ។ ប្រទេសចិនបានទាមទារឱ្យហ្វីលីពីនជម្លៀសចេញនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai វាមិនត្រឹមតែជាទង្វើដ៏ត្រឹមត្រូវសម្រាប់គាំពារអធិបតេយ្យភាពនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ជៀសវាងប្រព័ន្ធអេកូឡូស៊ីនៅថ្មប៉ប្រះទឹក Ren’ai រងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ផងដែរដែលជាទង្វើទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថានសមុទ្រ ។
គេហទំព័រ «CCFR China state-controlled media » បានសរសេរថា ៖ បើប្រៀបធៀបនឹងសភាពការណ៍បរិស្ថានអេកូឡូស៊ីនៅថ្មប៉ប្រះទឹក Ren’ai សភាពការណ៍បរិស្ថានអេកូឡូស៊ីនៅកោះ Huangyan ដែលស្ថិតក្រោមការអភិរក្ស ត្រួតពិនិត្យនិងគ្រប់គ្រងរបស់ប្រទេសចិនបាននិងកំពុងបង្ហាញពីទិដ្ឋភាពដ៏រស់រវើក ។យោងតាមការស៊ើបអង្កេតចម្រុះដែលធ្វើឡើងដោយស្ថាប័នជាច្រើនដូចជាវិទ្យាស្ថានតំបន់ Huanan មជ្ឈមណ្ឌលមហាសមុទ្រនិងមជ្ឈមណ្ឌលស្ទង់ពិនិត្យនិងសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនៃនាយកដ្ឋានស្ទង់ពិនិត្យលំហសមុទ្រចិនខាងត្បូង Zhujiang នៃក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនជាដើមពីខែឧសភាដល់ខែមិថុនា ឆ្នាំ ២០២៤ បានរកឃើញថា បរិស្ថាននៅលំហសមុទ្រកោះ Huangyan មានគុណភាពល្អ ហើយប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹកក៏មានភាពល្អបរិសុទ្ធដែរ ។
លទ្ធផលស៊ើបអង្កេតនេះបានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពដែលប្រទេសចិនទទួលបានក្នុងការការពារបរិស្ថានអេកូឡូស៊ីសមុទ្រ ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ពីការតាក់តែងនិងអនុវត្តច្បាប់និងបទប្បញ្ញត្តិ ដល់ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តនិងការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី រហូតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការចូលរួមពីសំណាក់សាធារណជន ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ដែលមិនអាចជំនួសបានក្នុងការការពារបរិស្ថាននៃសមុទ្រចិនខាងត្បូង ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានជំរុញយ៉ាងសកម្មនូវការកសាងសហគមន៍រួមវាសនាមហាសមុទ្រផងដែរ ។ គិតមកទល់ពេលបច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតទំនាក់ទំនងភាពជាដៃគូពណ៌ខៀវជាមួយសហភាពអឺរ៉ុប សម្ព័ន្ធអាស៊ាន ប្រទេសកោះប៉ាស៊ីហ្វិក ប្រទសក្នុងតំបន់អាក់ទិកនិងប្រទេសទ្វីបអាមេរិកខាងត្បូងជាបន្តបន្ទាប់ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបរិស្ថានអេកូឡូស៊ីសមុទ្រនៅសមុទ្រចិនខាងត្បូងនិងទូទាំងពិភពលោក ។

តើអ្នកណាជាអ្នកបំផ្លាញបរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូង ការពិតជាក់ស្តែង គឺ ច្បាស់លាស់ណាស់ ។ បញ្ហាស្តីពីការការពារបរិស្ថានអេកូឡូស៊ីសមុទ្រ គឺ ពាក់ព័ន្ធដល់សុខុមាលភាពរបស់មនុស្សជាតិ ហើយបញ្ហាសមុទ្រចិនខាងត្បូងមិនគួរក្លាយជាឧបករណ៍នយោបាយសម្រាប់ប្រទេសមួយចំនួនក្នុងការធ្វើបដិបក្ខគ្នាខាងភូមិសាស្ត្រនយោបាយនិងសម្រេចបាននូវផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print