ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ម្សិលម៉ិញនេះ បណ្តាញសារព័ត៌មានជាតិជាច្រើនបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីនៅកម្ពុជា២០២៤-២០៣០ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា បានឆាប់អារម្មណ៍លើនិន្នាការថ្មីនៃការប្រើប្រាស់យានយន្តអគ្គិសនី។
គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
គោលនយោបាយនេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សា ស្រាវជ្រាវ និងការសំយោគគោលនយោបាយដែលមានស្រាប់ បទពិសោធអន្តរជាតិ ព្រមទាំងការពិភាក្សាជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដោយមានការកំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ និងគោលការណ៍ ច្បាស់លាស់ ព្រមទាំងដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា បំពេញគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់។ បន្ថែមពីនេះដើម្បីធានាប្រសិទ្ធភាពនិងភាពច្បាស់លាស់នៃការដាក់ចេញនូវវិធានការគោលនយោបាយ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ មានវិសាលភាពគ្របដណ្ដប់លើយានយន្តប្រភេទអគ្គិសនីសុទ្ធថ្មី(BEV) រួមមានរថយន្តអគ្គិសនីសុទ្ធថ្មីត្រីចក្រយានយន្តអគ្គិសនីសុទ្ធថ្មី និងទោចក្រយានយន្តអគ្គិសនីសុទ្ធថ្មី។
យានយន្ត គឺជាមធ្យោបាយចម្បងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនអ្នកដំណើរ និង
ទំនិញនៅទូទាំងប្រទេស។
ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំង ជាពិសេស ទោចក្រយានយន្ត និងរថយន្ត។ ក្នុងចំណោមយានយន្តសរុប៧លានគ្រឿង ទោចក្រយានយន្តមានប្រមាណ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល(រថយន្តទេសចរណ៍)មានប្រមាណ១០% និងរថយន្តប្រើប្រាស់ ប្រេងឥន្ធនៈធុនធ្ងន់(រថយន្តដឹកទំនិញ និងគ្រឿងចក្រ)មានប្រមាណ៥%។
មកទល់ពេលនេះយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២.៩៦៨គ្រឿង ក្នុងនោះរួមមាន៖
១– ទោចក្រយានយន្ត=៩១៤គ្រឿង
២– ត្រីចក្រយានយន្ត=៤៤០គ្រឿង
៣– រថយន្ត =១.៦១៤គ្រឿង
ក្នុងឆ្នាំ២០២៣ យានយន្តអគ្គិសនីដែលចុះបញ្ជីសរុបមានចំនួន៧៥៧គ្រឿង បាន កើន១៤,២% ធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន៦៦៣គ្រឿង។ ចំណែកទីតាំងបញ្ចូលថាមពលគិត ត្រឹមដើមឆ្នាំ២០២៤ មានចំនួន២១កន្លែងដែលមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីលឿនខ្លាំងសរុប មានចំនួន២៧គ្រឿង។
ការប្រើប្រាស់យានយន្តអគ្គិសនីត្រូវបានគេមើលឃើញថា ផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់និងសកលលោក ដែលមានដូចខាងក្រោម៖
-ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក: ការប្រើប្រាស់យានយន្តអគ្គិសនីនឹងរួមចំណែកកាត់បន្ថយ
ការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈដែលជា
ប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។ យានយន្តអគ្គិសនីគ្មានការបញ្ចេញឧស្ម័នពុលតាម
បំពង់ស៊ីម៉ាំងដូចយានយន្តប្រើប្រាស់ប្រេងឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនម៉ូណូអុកស៊ីដ នីត្រូសែន
អុកស៊ីដ និងភាគល្អិតនានា ដែលកត្តាទាំងនេះរួមចំណែកក្នុងការពង្រឹងគុណភាពខ្យល់ក្នុង បរិយាកាស។ ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីនឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុង សកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុន អាយុពីប្រមាណ៥,៤លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ២,៨លាននាក់ នៅឆ្នាំ២០៥០។ តាមការវិភាគនៃការបញ្ចេញឧស្ម័នពុលនៅក្នុងវដ្ដជីវិតនៃយានយន្ត ការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធមានការបញ្ចេញឧស្ម័នពុលតិចជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់ទៅជិត៤០% រីឯការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីបញ្ចេញឧស្ម័នពុលតិចជាងទោចក្រយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ១០ដង។
-សន្តិសុខថាមពល: ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនឹងចូលរួមចំណែកក្នុងការកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ។ ដោយហេតុថាកម្ពុជាជាប្រទេសពឹងផ្អែកទាំងស្រុងលើការនាំចូល ប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិនិងបណ្តាប្រទេសក្នុងតំបន់ ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ នឹងជួយពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ព្រមទាំងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈដែលមានភាពមិនប្រាកដប្រជាខ្ពស់។ បន្ថែមលើនេះ អស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈបានដាក់សម្ពាធយ៉ាងខ្លាំងលើការគ្រប់គ្រងទុនបម្រុងរូបិយប័ណ្ណអន្តរជាតិ។
-ការសន្សំសំចៃ: ការប្រើប្រាស់យានយន្តអគ្គិសនីមានលក្ខណៈសន្សំសំចៃខ្ពស់ជាងការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ យានយន្តអគ្គិសនីមានប្រសិទ្ធផល ឬ ខ្ពស់ជាងថាមពលម៉ាស៊ីន ប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ៥ ទៅ ៦ដង នៅក្នុងការបំប្លែងថាមពលទៅជាចលនាដែលធ្វើឱ្យ ចំណាយទាបក្នុងការផ្លាស់ទី ។
ជាក់ស្ដែង នៅក្នុងចម្ងាយផ្លូវ១០០គីឡូម៉ែត ការប្រើប្រាស់រថយន្តអគ្គិសនីត្រូវចាយថវិកាប្រមាណ៩ ៦៣៣រៀល ចំណែកឯការប្រើប្រាស់យានយន្តបើ ប្រាស់ប្រេងឥន្ធនៈត្រូវចាយថវិការហូតដល់៣៥ ៧២៣រៀល។
-ការឈោងចាប់យកនូវបច្ចេកវិទ្យាថ្មីៗ: បណ្ដាប្រទេសក្នុងតំបន់និងសកលលោកកំពុងផ្ដោតការ យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញវិស័យយានយន្តអគ្គិសនី ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផ្សេងៗទៀតដែលពង្រឹង សុវត្ថិភាពដល់អ្នកប្រើប្រាស់។កម្ពុជាក៏ត្រូវសម្របខ្លួនក្នុងនិន្នាការថ្មីនេះ ដើម្បីរក្សាភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់ខ្លួន៕ដោយ៖តារា