ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានថ្លែងថា៖ យុទ្ធនាការរយៈពេល ៦ខែបានពិនិត្យ និងវាយតម្លៃឃើញថា ពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” លែងមានទៀតហើយ។ នេះបេីយោងតាមប្រភពព័ត៍មានពីលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។ ក្នុងកិច្ចប្រជុំនេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានពិនិត្យ និងវាយតម្លៃឃើញថា ពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” លែងមានទៀតហើយ។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181៕ដោយ៖តារា