ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា ការអនុវត្តកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បាន សម្រេចបំបាត់ចោលហើយទស្សនៈដែលថា អ្នកបង្កគ្រោះថ្នាក់ក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមានមនុស្សស្លាប់ ហើយគ្មានទោសព្រហ្មទណ្ឌនោះ។
តុលាការចាប់ផ្តើមដោះស្រាយវិនិច្ឆ័យ“ខុស ឬ ត្រូវ គឺអាស្រ័យទៅលើអង្គហេតុ អង្គច្បាប់និងភស្តុតាង”ដោយអ្នកបើកបរដែលមានកំហុសទៅនឹងច្បាប់ចរាចរណ៍ និង បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យ អ្នកដទៃស្លាប់ គឺ ត្រូវតែទទួលខុសត្រូវតាមច្បាប់ដោយម៉ឺងម៉ាត់ និងដោយត្រឹមត្រូវតាមច្បាប់ ។
មានន័យថាអ្នកប្រព្រឹត្តិកំហុសធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ត្រូវទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌ។ ទន្ទឹមនេះ ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា បានកាត់បន្ថយសំណុំរឿងផ្សេងៗដែលកក់ស្ទះបានយ៉ាងច្រើន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤,លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជា ប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្ត យុទ្ធនាការរយៈពេល ៦ខែ ដែលបានលទ្ធផលដូចខាងក្រោមនេះ៖
ទី១-សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំង ប្រទេសបានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត បានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤% នៃសំណុំរឿងសរុប ចំនួន ១២១ ៥៥៣ ។
ទី២-គណៈបញ្ជាការដឹកនាំយុទ្ធនាការបានប្រកាសទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋទាំងអស់ ដែល យល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពមិនប្រក្រតី ដោយប្រជាពលរដ្ឋស្នើសុំឱ្យជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ដែលមានចំនួនសរុប ៧៨៦ បណ្តឹង ហើយតុលាការបានដោះស្រាយរហូតដល់ទៅ ៦៣០ ករណី ស្មើនឹង ៨០%។ ចំពោះពាក្យបណ្ដឹងដែលប្រជាពលរដ្ឋ ប្តឹងស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៦៩៨ បណ្ដឹង គឺតុលាការចាត់ការបាន ៣៦% នៃបណ្ដឹង។
ទី៣-ការដោះស្រាយសំណុំរឿង។ ក- សំណុំរឿងអត្រានុកូលដ្ឋាន ចំនួន ៤ ៩៨៣ ដែលនៅសល់មុនពេលប្រកាសបើក យុទ្ធនាការ ត្រូវបានដោះស្រាយចប់សព្វគ្រប់ ១០០% តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ចំណែកសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មី ចំនួន ២១ ៨៣៥ ត្រូវបានតុលាការដោះស្រាយ ចប់សព្វគ្រប់ចំនួន ១៩ ៧៩៨ ស្មើនឹង ៩០% នៃសំណុំរឿងសរុប។ ខ-សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍សរុបទូទាំងប្រទេសចំនួន ៣ ៤៦០ ដែលរួមមានទាំងសំណុំរឿង ចាស់ មុនពេលប្រកាសបើកយុទ្ធនាការ និងសំណុំរឿងថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ ត្រូវបាន តុលាការដោះស្រាយចប់សព្វគ្រប់ចំនួន ២ ៤៣៨ ស្មើនឹង ៧០% នៃសំណុំរឿងសរុប។ គ-ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន, សាលាជម្រះក្តី និងអង្គការអយ្យការអម សាលាជម្រះក្តី គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បានប្រកាន់ខ្ជាប់នូវគោលការណ៍ “តម្លាភាព” ដោយ បានចេញសេចក្តីប្រកាសព័ត៌មានជាប់ជាប្រចាំ ចំពោះចំណាត់ការសំណុំរឿងគ្រឿងញៀននៅ គ្រប់ដំណាក់កាលនៃនីតិវិធីរបស់អយ្យការ និងតុលាការ។ ឃ- តុលាការបាន ទទួលចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន ២៩៧ ដែលមានជនសង្ស័យចំនួន ១ ៦១៦ នាក់ ជាកម្មវត្ថុនៃការអនុវត្តវិធានការតាមផ្លូវច្បាប់៕