ខេត្តព្រះសីហនុ ៖ ត្រូវផ្អាកជាបណ្តោះអាសន្នក្នុងការចេញនេសាទនៅលើផ្ទៃសមុទ្រ និងការដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្តាកោះនានា ដោយត្រូវរង់ចាំអាកាសធាតុបានធូរស្រាល ទើបអនុញ្ញាតឱ្យចេញនេសាទ និងមានការដឹកជញ្ជូនភ្ញៀវទេសចរជាធម្មតាឡើងវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន បងប្អូនប្រជា ពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះ ជ្រាបថា ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា មានសម្ពាធទាប គ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង – ស្ថានភាពបែបនេះនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រលក សមុទ្រកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងន័យនេះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់ ពីគ្រោះថ្នាក់ និងហានិភ័យនានា ដែលអាចបង្កឡើងដោយ កត្តាគ្រោះធម្មជាតិខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជា នេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះ ដូចខាងក្រោម៖ ត្រូវផ្អាកជាបណ្តោះអាសន្នក្នុងការចេញនេសាទនៅលើផ្ទៃសមុទ្រ និងការដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្តាកោះនានា ដោយត្រូវរង់ចាំអាកាសធាតុបានធូរស្រាល ទើបអនុញ្ញាតឱ្យចេញនេសាទ និងមានការដឹកជញ្ជូនភ្ញៀវទេសចរជាធម្មតាឡើងវិញ។
ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នក្នុងការលេងទឹកកំសាន្តតាមឆ្នេរសមុទ្រដែល មានរលកខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះ ជ្រាបជាព័ត៌មាន និង យកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាព។
ទទួលបានសេចក្តីជូនដំណឹងនេះ កងកម្លាំងមានសមត្ថកិច្ច ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងត្រូវត្រៀមមធ្យោបាយ សម្ភារៈ និងកម្លាំង ដើម្បីចេញអន្តរាគមន៍បានទាន់ពេលវេលា៕