សារព័ត៌មាន CNA នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា អតីតប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បានរងរបួសចំស្លឹកត្រចៀក ក្នុងករណីបាញ់ប្រហារមួយអំឡុងពិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោក នៅរដ្ឋ Pennsylvania ខណៈដែលទីភ្នាក់ងារស៉ើបអង្កេតសហព័ន្ធ FBI បានទទួលស្គាល់ជាផ្លូវការថា វាគឺជាការប៉ុនប៉ងធ្វើឃាតលើលោក ដូណាល់ ត្រាំ។
ទីភ្នាក់ងារ FBI បានបញ្ជាក់ជាផ្លូវការ ក្នុងសន្និសីទសារព័ត៌មានមួយថា ហេតុការណ៍បាញ់ប្រហារលើលោក ដូណាល់ ត្រាំ គឺជាអ្វីដែល FBI ហៅថា ការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធីបតីអាមេរិករូបនេះ។ ស្របពេលដែល លោក ត្រាំ បានរួចផុតពីគ្រោះថ្នាក់ ដោយមិនមានរងរបួសធ្ងន់ធ្ងរ ខ្មាន់កាំភ្លើងបានស្លាប់ ហើយអ្នកចូលរួមកម្មវិធីម្នាក់ក៏បានស្លាប់ផងដែរ ខណៈ២នាក់ទៀតបានរងរបួស។ អាជ្ញាធរអាមេរិកបាននិយាយថា ពួកគេកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងបានហើយ ប៉ុន្តែមិនទាន់ត្រៀមរួចរាល់ដើម្បីប្រកាសជាសាធារណៈនៅឡើយទេ។ ទន្ទឹមគ្នានេះ ពួកគេក៏មិនទាន់កំណត់បានចេតនានៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោក ត្រាំ នេះដែរ។
បើតាមសារព័ត៌មានអាមេរិក New York Post ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ Thomas Matthew Crooks អាយុ២០ឆ្នាំ។ បុរសរូបនោះបានធ្វើសកម្មភាពបាញ់ប្រហារចេញពីលើដំបូលរោងចក្រមួយមានចម្ងាយត្រឹមតែជាង១០០ម៉ែត្រប៉ុណ្ណោះពីវេទិកាដែលលោក ត្រាំ ឈរថ្លែងសារ។ ខ្មាន់កាំភ្លើងមិនស្ថិតក្នុងចំណោមអ្នកចូលរួមកម្មវិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោក ត្រាំ ដែលប្រព្រឹត្តទៅនៅឯទីក្រុង Butler នៃរដ្ឋ Pennsylvania នោះទេ ហើយរូបគេត្រូវបានក្រុមអ្នកបាញ់កាំភ្លើងស៉ីបនៃកងអង្គរក្សសម្ងាត់ Secret Service ដែលការពារសុវត្ថិភាព សម្រាប់កម្មវិធីរបស់លោក ត្រាំ បាញ់សម្លាប់ភ្លាមៗ។ កាំភ្លើងវែងមួយដើមប្រភេទ AR-style ត្រូវបានរកឃើញ នៅកន្លែងធ្វើសកម្មភាពរបស់ខ្មាន់កាំភ្លើង៕ ដោយធីរីណា
រូបថត: Reuters