ពលរដ្ឋក្នុងភូមិអង្កោលខេត្តកែប កំពុងមមាញឹកប្រមូលយកគី មកធ្វើកាពិ តាមបែបប្រពៃណី ខណ:តម្លៃ និងទីផ្សារកាន់តែល្អ

ចែករំលែក៖

ខេត្តកែប៖ ពលរដ្ឋរស់នៅក្នុងភូមិអង្កោលនៃទឹកដីខេត្តកែប ពួកគាត់កំពុងមមាញឹកប្រមូលផលគី ដើម្បីយកមកធ្វើកាពិតាមបែបប្រពៃណី។

ការធ្វើ កាពិជាមុខរបរសំខាន់មួយរបស់ប្រជានេសាទសមុទ្រតាំងពីដើមមក ព្រោះកាពិជាគ្រឿងផ្សំសំខាន់សម្រាប់បន្ថែមឱជារសទៅលើមុខម្ហូបអាហារ ជាពិសេសបុកល្ហុង និងសម្រាប់ទទួលទានជាមួយម្ជូរតែម្តង។ ក្នុងកាពិ១គីឡូ គេអាចលក់បានក្នុងតម្លៃ ១២.០០០រៀល ទៅ ២០.០០០រៀល រីឯគីស្រស់សម្រាប់យកមកធ្វើកាពិលក់បាន៣.៥០០រៀល ទៅ៥.០០០រៀល។

អ្នកស្រី មាស មុន និងអ្នកភូមិដទៃទៀត រស់នៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានប្រាប់ឱ្យដឹងថា ជាង១សប្តាហ៍ហើយ ពួកគាត់អាចប្រមូលផលគី ដើម្បីយកមកធ្វើកាពិ។

គី ជាប្រភេទសត្វសមុទ្រម្យ៉ាងមានសណ្តានស្រដៀងកូនកំពឹសទឹកសាប តែមិនមែនជាកូនបង្គាទេ។ ពលរដ្ឋខេត្តកែបប្រើឧបករណ៍ឈិបរុញ ដើម្បីចូកយកសត្វគីនៅតាមតំបន់ឆ្នេរទឹករាក់ ដោយក្នុងមួយថ្ងៃគេអាចរកគីបានចន្លោះពី២០ ទៅ៣០គីឡូ។ អ្នកស្រីបានបន្តទៀតថា គីត្រូវបានគេយកទៅធ្វើកាពិ ហើយខ្លះក៏យកធ្វើជាចំណីសត្វផងដែរ។ ប៉ុន្តែសម្រាប់អ្នកភូមិអង្កោលប្រមូលផលគី ដើម្បីយកធ្វើកាពិទាំងអស់។

អ្នកស្រីបានបញ្ជាក់ទៀតថា កាពិងាយស្រួលធ្វើ ដោយគ្រាន់តែរើស និងលាងគីឱ្យស្អាតយកទៅហាលថ្ងៃឱ្យស្ងួត រួចយកមកបុកលាយអំបិល និងស្ករត្នោត ឱ្យហ្មត់ជាការស្រេច។

កាពិជាគ្រឿងផ្សំមិនអាចខ្វះបានសម្រាប់ពលរដ្ឋនៅខេត្តជាប់មាត់សមុទ្រ គេអាចយកកាពិច្នៃជាមុខម្ហូប និងជាគ្រឿងផ្សំ ដូចជាកាពិផាវ ទឹកជ្រលក់ បុកល្ហុង បុកក្តាមប្រៃ បុកមី ជាដើម។ល។ ការធ្វើកាពិ ចេះតពីដូនតាមក ហើយបច្ចុប្បន្ននៅតែបន្តធ្វើកាពិធម្មជាតិតាមបែបប្រពៃណីដដែល ដោយក្នុង១រដូវ គ្រួសារខ្លះអាចធ្វើកាពិបានពី២ ទៅ៣តោន សម្រាប់លក់ទៅឱ្យឈ្មួញ ក្នុងតម្លៃចន្លោះ ពី១២.០០០ ទៅ ២០.០០០រៀលក្នុងគីឡូក្រាម។

ទន្ទឹមនឹងនេះ លោក ភឺន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានគូសបញ្ជាក់ថា ជាទូទៅគេមិនអាចនេសាទគីបានរាល់ថ្ងៃនោះទេ រដូវប្រមូលផលគី មានតែបី ទៅបួនខែប៉ុណ្ណោះក្នុង១ឆ្នាំ គឺចាប់ពីចុងខែមិថុនា ដល់ខែកញ្ញា។ ហើយចំពោះការធ្វើកាពិរបស់ពលរដ្ឋខេត្តកែបគឺមានគុណភាព និងអនាម័យល្អជាងមុន តែនៅតែត្រូវការបណ្តុះបណ្តាលបន្ថែមពីអ្នកជំនាញ។

ជាមួយគ្នានេះដែរ លោកនាយរង បានជំរុញឱ្យពលរដ្ឋមកទទួលការបណ្តុះបណ្តាលបន្ថែមពីមន្រ្តីជំនាញ ពាក់ព័ន្ធនឹងការពង្រឹងអនាម័យក្នុងការផលិត និងរបៀបវេចខ្ចប់ជាដើម ដើម្បីអាចយកផលិតផលប្រចាំតំបន់មួយនេះវាយលុកទីផ្សារបាន។

...

សូមជម្រាបជូនថា ខេត្តកែបមានសហគមន៍នេសាទចំនួន៥ និងមានតំបន់អភិរក្សសមុទ្រនៅតំបន់ប្រជុំកោះផងដែរ ធ្វើឱ្យផលនេសាទខេត្តកែបមានការកើនឡើងបន្តិចបន្តួចរាល់ឆ្នាំ។ ជាក់ស្តែងសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ខេត្តអាចប្រមូលផលនេសាទបាន ២.៧០០តោន ដោយមិនបានរាប់បញ្ចូលចំនួនផលនេសាទគីនៅឡើយទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print