ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានព្រហ្មទណ្ឌនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះបានឱ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ហើយនៅប៉ុន្មានម៉ោងក្រោយមកត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ CALTEX បុរី១០០ខ្នង ផ្លូវសហព័ន្ធរុស្សី ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងជំនាញបានបន្ដឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន ទី១-ឈ្មោះ ភិន បូរី អាយុ១៩ឆ្នាំ, ទី២-ឈ្មោះ សន សុភ័ក្រ្ដ អាយុ២៤ឆ្នាំ, ទី៣-ឈ្មោះ យាន រស្មី អាយុ២៣ឆ្នាំ និងទី៤-ឈ្មោះ គឿម និស្ស័យ អាយុ២៥ឆ្នាំ។
ករណីឃាត់ខ្លួននេះដោយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង។
បន្ទាប់ពីសមត្ថកិច្ចសាកសួររួច ជនសង្ស័យបានឆ្លេីយសារភាពដោយបានចង្អុលបង្ហាញនិងនាំកម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ទៀត រួមមាន ទី១-ឈ្មោះ ជា សុផាន់ណា អាយុ១៦ឆ្នាំ, ទី២-ឈ្មោះ សល់ បញ្ហា អាយុ១៧ឆ្នាំ និងទី៣-ឈ្មោះ អ៊ូ ឯករាជ អាយុ១៦ឆ្នាំ។ ជនសង្ស័យទាំងអស់នេះពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញលក់ម៉ូតូនិងស្លាកលេខមិនមានឯកសារសម្គាល់) និងលួចម៉ូតូ។
សម្ភារដកហូតរួមមាន៖ ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1AC-4342, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BY-0706, ម៉ាក Honda Scoopy ពណ៌ស មិនមានស្លាកលេខ, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៤ ពាក់ផ្លាកលេខតាកែវ1AD-0320 និងផ្លាកលេខម៉ូតូ ចំនួន៤ផ្លាក។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ