បទវិភាគ ៖ គោលបំណងដើមមិនកែប្រែឡើយ មិត្តភាពរវាងចិននិងកម្ពុជាមានភាពកាន់តែរឹងមាំជានិរន្តរ៍ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានតម្លៃជិត៤ពាន់៥រយលានដុល្លារអាមេរិក ពីខែមករា ដល់មេសា !

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ “ពីខែមករាដល់ខែមេសាឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានតម្លៃជិត៤ពាន់៥រយលានដុល្លារអាមេរិក ដែលកើនឡើង១៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ពីខែមករាដល់ខែមីនា ទំហំវិនិយោគតាមកិច្ចព្រមព្រៀងនៃគម្រោងវិនិយោគផ្ទាល់ពីបរទេសដែលកម្ពុជាបានអនុម័តមានតម្លៃឡើងដល់៤៥៥លានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគផ្ទាល់មកពីប្រទេសចិនត្រូវជា៩៥ភាគរយ ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ពីថ្ងៃទី៤ខែកក្កដាដល់ថ្ងៃទី៤ខែសីហា សកម្មភាពចាក់បញ្ចាំងភាពយន្តតំបន់ហុងកុងបានរៀបចំធ្វើជាលើកដំបូងនៅក្រុងភ្នំពេញ រាជធានីប្រទេសកម្ពុជា ។ ពេលថ្មីៗកន្លងទៅនេះ ក្រុមវេជ្ជសាស្ត្របុរាណចិនដែលផ្តល់ជំនួយដល់កម្ពុជាជើងទីបីបានមកដល់ក្រុងភ្នំពេញ ។ល។” ប្រទេសទាំងពីរចិននិងកម្ពុជាជាមិត្តភក្តិដែកថែបដែលចេះជួយយកអាសាគ្នាទៅវិញទៅមកនិងរួមសុខរួមទុក្ខជាប់រហូតមក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានរក្សាការប្រាស្រ័យទាក់ទងដ៏មេត្រីភាព ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក បន្តជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ពេលជួបពិភាក្សាកាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០២៣ លោកប្រធានរដ្ឋចិន Xi Jinping និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានរួមគ្នាប្រកាសកំណត់យកឆ្នាំ២០២៤ជា “ឆ្នាំផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនចិន-កម្ពុជា” ដែលតម្រង់ទិសដៅយ៉ាងច្បាស់លាស់ចំពោះការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មីនិងជំរុញឱ្យទំនាក់ទំនងរវាងចិននិងកម្ពុជារីកចម្រើនទៅរកភាពកាន់តែល្អប្រសើរ ។
គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ ធនាគារពិភពលោកបានចេញរបាយការណ៍នៅខែមិថុនាបង្ហាញឱ្យដឹងថា សារសំខាន់របស់ចិនក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ប្រទេសចិនជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជាជាប់រហូតមក ដែលសមាមាត្រវិនិយោគបានលើកកម្ពស់ជាបន្តបន្ទាប់ ។ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចឆ្នាំនេះរបស់កម្ពុជានឹងឡើងដល់៥,៨ភាគរយ ហើយល្បឿនកំណើននៃឆ្នាំ២០២៥នឹងត្រូវជា៦,១ភាគរយ ។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ តាមរបាយការណ៍នៃគណៈកម្មាធិការអភិវឌ្ឍន៍របស់កម្ពុជាឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តលើគម្រោងវិនិយោគថ្មីនិងពង្រីកផលិតកម្មសរុប១៥៣គម្រោង ដែលមានទំហំវិនិយោគតាមកិច្ចព្រមព្រៀងឡើងដល់២ពាន់៧រយ៥៩លានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគមកពីប្រទេសចិនប្រហែលមានតម្លៃ១ពាន់២រយលានដុល្លារអាមេរិក ត្រូវជា៤៣,៥ភាគរយនៃទំហំវិនិយោគសរុបទាំងក្នុងនិងក្រៅប្រទេស ពោលគឺ ប្រទេសចិនកាន់លំដាប់ថ្នាក់ទី១ក្នុងចំណោមប្រភពវិនិយោគរបស់ប្រទេសកម្ពុជាដោយនឹងនរ ។
ទន្ទឹមនឹងការអនុញ្ញាតឱ្យកសិផលប្រកបដោយគុណភាពល្អរបស់កម្ពុជាចូលទីផ្សារប្រទេសចិនត្រូវបានពង្រីក ចិនបានក្លាយជាទីផ្សារដ៏សំខាន់នៃកសិផលដូចជាអង្ករ ចេក ស្វាយនិងមៀនជាដើមរបស់កម្ពុជា ដែលជំរុញយ៉ាងខ្លាំងនូវកំណើននៃការនាំចេញកសិផលរបស់កម្ពុជា ។ ការនាំចេញកសិផលកម្ពុជាបានកើនឡើងជិត៤ដងក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ការនាំចេញកសិផលកម្ពុជានៅត្រីមាសទីមួយឆ្នាំនេះបានកើនឡើង២៨,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលឡើងដល់១ពាន់១រយលានដុល្លារអាមេរិក ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរចិនទៅកាន់កម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់ដែរ ។ តាមស្ថិតិនៃក្រសួងទេសចរណ៍កម្ពុជាឱ្យដឹងថា នៅមុនពេលផ្ទុះជំងឺកូវីដ១៩កាលពីឆ្នាំ២០១៩ ប្រទេសចិនជាប្រភពភ្ញៀវទេសចរធំបំផុតរបស់កម្ពុជា ។ បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ភ្ញៀវទេសចរចិនដែលទៅធ្វើទេសចរណ៍នៅប្រទេសកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ នៅឆ្នាំ២០២៣មានភ្ញៀវទេសចរចិនជិត៥សែន៥ម៉ឺននាក់បានចូលដែនកម្ពុជា ។ នៅត្រីមាសទីមួយឆ្នាំនេះ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរចិនសរុប១សែន៩ម៉ឺននាក់ ដែលកើនឡើង៤៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។

នៅដើមឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងក្នុងសារលិខិតអបអរសាទរចំពោះការបើកសកម្មភាព “ឆ្នាំផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន”ថា លោកនឹងបន្តគាំទ្រគំនិតផ្តួចផ្ដើមស្ដីពី “ខ្សែក្រវាត់និងផ្លូវ” ជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជានិងចិន ខិតខំប្រឹងប្រែងជាប់ជានិច្ច ដើម្បីពង្រឹងមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យនានាមានភាពកាន់តែស៊ីជម្រៅ ។ នៅឆ្នាំ២០២៤ កម្ពុជានឹងខិតខំប្រឹងប្រែងទាក់ទាញអ្នកទេសចរនិងវិនិយោគិនចិនកាន់តែច្រើនទៅធ្វើទេសចរណ៍និងវិនិយោគនៅប្រទេសកម្ពុជា សាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជានិងចិនមុខជានឹងមានភាពកាន់តែខ្លាំងក្លា ស្ថិរភាពនិងចីរភាព វានឹងជំរុញការកសាងសហគមន៍រួមវាសនារវាងកម្ពុជានិងចិនថែមមួយកម្រិតទៀតជាក់ជាមិនខាន ។
មិត្តភាពដែកថែបរវាងចិននិងកម្ពុជាដែលរួមគ្នាពូនជ្រំយ៉ាងម៉ត់ចត់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់របស់ប្រទេសទាំងពីរចិននិងកម្ពុជាមានភាពកាន់តែរឹងមាំជានិរន្តរ៍ ។ ក្នុងបរិបទនៃយុគសម័យថ្មី ប្រទេសទាំងពីរចិននិងកម្ពុជាមិនបំភ្លេចគោលបំណងដើម រឹតចំណងមិត្តភាពឱ្យបន្តទៅគ្រប់ជំនាន់យ៉ាងមុតមាំមិនងាករេ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកយ៉ាងមុតមាំមិនងាករេ និងពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់យ៉ាងមុតមាំមិនងាករេ ដើម្បីបង្កើតជាគំរូក្នុងការកសាងសហគមន៍រួមវាសនា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print