ខេត្តបាត់ដំបង ៖ ជាការពិតណាស់ ! ទឹកដីខេត្តបាត់ដំបង ប្រៀបបានដូចជាឋានឱសថ បើបានមកកម្សាន្តហើយមិនជិនណាយឡើយ ។ អតីតអ្នកកវីនិពន្វ រឿងប្រលោមលោក កវីនិពន្វបទចំរៀង បានរៀបរាប់ពីទឹកដីខេត្តបាត់ដំបង មិនចេះអស់ ហើយជាខេត្តពោរពេញដោយតំបន់ទេសចរណ៍ធម្មជាតិ បុរាណ ទឹកដីសុីវិល័យ ជាដើម ។
ថ្ងៃនេះយើងមកស្តាប់ការរៀបរាប់របស់ អង្គភាព មន្ទីរទេសចរណ៍ខេត្តបាត់ដំបង និយាយពី នំក្រឡានម្តង ! ក្រឡានត្រូវបានគេចាត់ទុកជានំប្រពៃណី និងជាផលិតផលទេសចរណ៍មួយផងដែរក្នុងស្រុកឯកភ្នំ ដោយសារវា មានរសជាតិឈ្ងុយឆ្ងាញ់ ពេញនិយម និងមានប្រវត្តិគួរអោយចាប់អារម្មណ៍ និងយូរលង់ណាស់មកហើយ សម្រាប់អ្នកភូមិសំរោងក្នុង ភូមិនរា និងភូមិតាគោម ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
នំក្រឡាផលិតចេញពីអង្ករដំណើប លាយជាមួយសណ្តែកខ្មៅ ខ្ទិះដូង និងគ្រឿងផ្សំមួយចំនួនទៀត រួចញាត់ចូលបំពង់ឬស្សី និងដុត ។
នំនេះមានឱជារសឈ្ងុយឆ្ងាញ់ និងមានតំលៃចាប់ពី ១០០០ រៀល ឡើងទៅ យោងតាមទំហំតូចឬធំ ។ អ្នកភូមិសំរោងក្នុង នៅតែប្រកាន់ភ្ជាប់នូវរូបមន្តបុរាណ ដើម្បីធ្វើ និងចំអិននំប្រភេទនេះ ។ ជារៀងរាល់ព្រឹក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាវត្តសំរោងក្នុង តែងតែចំណាយពេលទស្សនា ឈ្វែងយល់ និងសាក់ល្បងភ្លក់រសជាតិនំក្រឡាននេះ ។
បច្ចុប្បន្ន ក្នុងខេត្តបាត់ដំបង គេសង្កេតឃើញ មានលក់នំក្រឡាននេះ នៅតាមទីផ្សារ ចំណត់ឡាន និងនូវតាមរមណីយដ្ឋាន និងទីប្រជុំជនផ្សេងៗ ទៀត ៕