ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា ការនាំចេញជ័រកៅស៊ូកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់សរុបចំនួន ២២៩ លានដុល្លារ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ កើនឡើង ១៩,៨៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ១៩១ លានដុល្លារ។
បេីតាមការបញ្ជាក់ពីប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា លោក ម៉ែន សុភក្តិ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ ការប្រមូលផលជ័រកៅស៊ូយកមកកែច្នៃបានគ្រប់គ្រាន់ ខណៈកម្ពុជាកំពុងមានកំណើនផ្ទៃដីចៀរជ័រកៅស៊ូបន្ថែម ដែលធ្វើឱ្យបរិមាណប្រមូលផលកើនឡើងជាងមុន។
ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជារូបនេះ បាននិយាយបន្ថែមថា តម្លៃកៅស៊ូនៅក្នុងសប្ដាហ៍នេះ បានធ្លាក់ចុះប្រមាណ ៥០ ដុល្លារ ប្រៀបនឹងសប្ដាហ៍មុន ដោយលក់ក្នុងតម្លៃជាង ១ ពាន់ ៦ រយ ដុល្លារ ក្នុងមួយតោន (ប្រភេទកៅស៊ូល្អ) ខណៈជ័រកៅស៊ូប្រភេទលេខ ១០ តម្លៃធ្លាក់ក្រោម ១ ពាន់ ៦ រយដុល្លារ ហើយចំពោះមូលហេតុដែលតម្លៃធ្លាក់ចុះ ដោយសារតម្រូវការទីផ្សារបានធ្លាក់ចុះ តម្លៃកៅស៊ូក៏ធ្លាក់ចុះដែរ។
ជាមួយគ្នានេះ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ក៏បានឱ្យដឹងដែរថា កៅស៊ូស្ងួតកម្ពុជាមានតម្លៃជាមធ្យម ១ ៤៥០ ដុល្លារ ក្នុងមួយតោនដែលខ្ពស់ជាងឆ្នាំមុន ៤១ ដុល្លារ។ កម្ពុជាបាននាំចេញជ័រកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។
បន្ថែមពីនេះ យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជា មានផ្ទៃដីដាំកៅស៊ូចំនួនជាង ៤០ ម៉ឺន ហិកតា (៤០៧១៧២) នៅឆ្នាំ ២០២៣ កើនឡើងជិត ២ ពាន់ ៦ រយហិកតា បើធៀបនឹងឆ្នាំ ២០២២៕ដោយ៖តារា