ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Scammed online) នៅតាមបណ្តារាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមដោយ លោក អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ នេះបើយោងតាម អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ។
សូមជម្រាបជូនដែរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Scammed online) នៅតាមបណ្តារាជធានី-ខេត្ត ដែលមាន លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន និងសមាជិកចំនួន១៦រូប។ គណៈកម្មការ ចំពោះកិច្ចនេះ មានភារកិច្ច៖
– បង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញតាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងភូមិសាស្ត្រ បណ្តារាជធានី-ខេត្ត
– ប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ធ្វើការចុះ បង្ក្រាបជាក់ស្តែងតាមគោលដៅដែលបានរកឃើញ និងកំណត់ដោយ ប្រធានគណៈកម្មការ។ ក្នុងករណីចាំបាច់ប្រធានគណៈកម្មការអាចប្រើប្រាស់ មន្ត្រីនៃអង្គភាពពាក់ព័ន្ធចំណុះគណៈកម្មការ ចុះសហការ សម្រប សម្រួលប្រតិបត្តិការជាក់ស្តែងឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់
– ចាប់បញ្ជូនជនល្មើស និងវត្ថុតាងព្រមទាំងអ្នកពាក់ព័ន្ធទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោសតាមច្បាប់ជា ធរមាន។ ក្នុងករណីជនល្មើស ជាជនបរទេស អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី ដែលមានចែងក្នុង ច្បាប់ស្តីពី អន្តោប្រវេសន៍៕