សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្រុងសៀមរាប​ នៅព្រឹក​នេះ!

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សូមជម្រាបជូនថា​ ការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ១,០៣៩,៦៦០.៧៩ ដុល្លារអាមេរិក (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ។

ស្ថាបត្យកម្មគម្រោង ប្លង់ស្ថាបត្យកម្មរចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦.៦ម៉ែត្រ កម្ពស់ពីរជាន់ (ជាន់ផ្ទាល់ដី និង ជាន់ទីមួយ) គូសដោយមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ដោយមានការឯកភាពពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម។ អត្ថប្រយោជន៍ នៃសារមន្ទីរវត្តរាជបូណ៌ គឺរួបរួមកម្លាំងជាតិតែមួយ ដើម្បីការពារសម្បត្តិបេតិកភណ្ឌជាតិ រវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់តំបន់រមណីយដ្ឋាន នៃប្រទេសកម្ពុជា។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា ពោរពេញទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែប តាមរយៈវត្ថុ សិល្បៈ ប្រាសាទបុរាណ និងសិលាចារឹក ជាដើម។ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានប្រមូលវត្ថុទាំងនោះពីគ្រប់ទីកន្លែង ដើម្បីថែរក្សាទុកតាមរយៈប្រជាពលរដ្ឋប្រគេនជាដើម។

បច្ចុប្បន្ន វត្ថុសិល្បៈសរុបប្រមាណ២៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ ត្រូវបានប្រមូលរក្សាទុកនៅវត្តរាជបូណ៌ ខេត្តសៀមរាប។ សម្តេចសព្វព្រះទ័យប្រគល់វត្ថុទាំងនោះជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីទុកជាសម្បត្តិវប្បធម៌របស់ជាតិ ដោយព្រះអង្គមានបំណងស្នើសុំត្រឹមសាង សង់សារមន្ទីរមួយ នៅក្នុងវត្តរាជបូណ៌ ដើម្បីតាំងបង្ហាញវត្ថុសិល្បៈ ជូនសាធារណជនចូលទស្សនា និងស្វែងយល់។

គោលបំណងនៃការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ដើម្បីបំផុសស្មារតីឲ្យសិស្សានុសិស្ស អ្នកស្រាវជ្រាវ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្រលាញ់ ថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ លើកតម្កើង ទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់។ រក្សាទុកវត្ថុបុរាណសាងពីដីដុត លោហៈ អង្កាំ ឈើ ឆ្អឹង ភ្លុក ថ្ម សរុបប្រមាណ២៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ។

បន្ថែមពីនេះ ធ្វើឲ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក កោះសន្តិភាព ដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាចូលរួមចំណែក ជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឲ្យរស់រានឡើងវិញនូវវិស័យទេសចរណ៍របស់កម្ពុជា។

សូមជម្រាបថា វត្តរាជបូណ៌ស្ថិតនៅតាមដងស្ទឹងសៀមរាបត្រើយខាងកើតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងទីធ្លាវត្តមានព្រះវិហារចាស់ ដែលមានគំនូរបុរាណរឿងរាមកេរ្តិ៍ដ៏ល្អវិចិត្រនៅ លើផ្ទៃជញ្ជាំងខាងក្នុង ហើយនៅលើបង្អួចខាងក្រៅនីមួយៗ ក៏មានចម្លាក់លានដកស្រង់ចេញពីរឿងរាមកេរ្តិ៍ដ៏ រស់រវើកដូចគ្នា។

ភស្តុតាងពីការ វិភាគរូបថតពីលើអាកាសបង្ហាញថា ទីតាំងវត្តនេះគឺស្ថិតនៅលើទីតាំងចាស់ ដែលអាចមានការប្រើប្រាស់តាំងពីសម័យបុរាណ។ នៅទីធ្លាខាងកើតព្រះវិហារ មានស្នាមសណ្ឋាន ហើយនៅខាងកើតប្រមាណ១០០មែត្រ មានស្រះទឹកធំមួយដែលលក្ខណៈនេះ ដូចទៅនឹងរចនាសម្ព័ន្ធទូទៅនៃទួល ឬប្រាសាទក្នុងសម័យបុរាណ។

អំពីអាយុកាល នៃការកកើតវត្តនោះ យើងពុំមានភស្តុតាងនោះទេ ប៉ុន្តែតាមការស្រាវជ្រាវកន្លងមក វត្តនេះអាចក្លាយមកពីឧបោសថាគារ ហើយកកើតជាវត្តអារាមនាពេលក្រោយមកទៀត។ នៅខាងកើតព្រះវិហារ មានសល់ក្លោងទ្វារចាស់មួយ ដែលមានទម្រង់សិល្បៈដូចនឹងបណ្តាវត្តចាស់ៗដទៃទៀតដែរ។

ចំពោះសំណង់ព្រះវិហារវិញ គេសន្និដ្ឋានថា អគារនេះអាចសង់ឡើងនៅពេលដែលខេត្តសៀមរាប ស្ថិតក្រោមការគ្រប់គ្រងរបស់សៀមនៅឡើយ ពីព្រោះនៅលើហោជាងមានរូបលញ្ឆករ តំណាងឲ្យស្ដេចសៀម។ ប្រការនេះនាំឲ្យមានការសន្និដ្ឋានខ្លះថា ព្រះវិហារវត្តរាជបូណ៌ អាចសង់ឡើងនៅរវាងចុងស.វទី១៩ ឬអាចមុនឆ្នាំ១៩០៧នៃគ.ស។ ដោយឡែកវត្តនេះ ក៏ធ្លាប់ទទួលការអនុញ្ញាតឲ្យសាងសង់វិហារនៅឆ្នាំ១៩២១ នៃគ.សដែរ តែការសាងសង់ក្នុងកម្រិតណា យើងពុំទាន់ដឹងច្បាស់នៅឡើយ។

សំណង់ដែលបានធ្វើការជួសជុល និងអភិរក្ស៖
*ឆ្នាំ២០១៤ ជួសជុល សន្លឹកទ្វារ បង្អួច ពុទ្ធបដិមា បល្ល័ង្ក គំនូ
*ឆ្នាំ២០១៩-ដល់២០២០ ជួសជុល និងអភិរក្ស ព្រះវិហារ
*ឆ្នាំ២០២១-ដល់២០២២ ជួសជុល និងអភិរក្ស សាលាឆាន់ចាស់
*ឆ្នាំ២០២៣ ជួសជុលរូបគំនូខាងក្នុងព្រះវិហារ។

សមិទ្ធផលនានារបស់វត្ត៖
*ស្ថានីយវិទ្យុផ្សាយសំឡេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ (វិទ្យុផ្សាយព្រះធម៌)
*មជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈ បង្រៀនចំណេះដឹងផ្នែករបាំ ដាប់ឆ្លាក់ គំនូរ ភ្លេងបុរាណ ស្បែកតូច ស្បែកធំ ភ្លេងពិណពាទ្យ ភ្លេងប្រពៃណី

*ពុទ្ធិកវិទ្យាល័យរាជបូណ៌ សរុបសមណសិស្សចំនួន៣៨០រូប -សារមន្ទីរតូចមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនា និងស្វែងយល់អំពីវប្បធម៌។

...

ចំនួនព្រះសង្ឃ គណៈកម្មការ និងអាចារ្យ៖
*ព្រះសង្ឃ ចំនួន១០៤អង្គ
*គណៈកម្មការ ចំនួន១៨នាក់
*អាចារ្យ ចំនួន០៥នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print