ខេត្តមណ្ឌលគិរី ៖ កុមារា,កុមារីជនជាតិដើមភាគតិចចំនួន៤នាក់ត្រូវគេរាយការណ៍ថា បានបាត់ខ្លួនអស់រយៈពេល១យប់១ថ្ងៃ បន្ទាប់ពីពួកគេបានចាកចេញពីផ្ទះចូលក្នុងព្រៃដើម្បីរកជ័រ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ។
មេប៉ុស្តិ៍ចុងផ្លាស់លោក ចាន់ សុផារី ឲ្យដឹងថា បន្ទាប់ពីលោកទទួលដំណឹងពីលោកមេភូមិ នៅរសៀលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៤ថា មានបាត់ក្មេងប្រុសស្រីចំនួន ៤នាក់ ពីផ្ទះតាំងពីព្រឹកថ្ងៃទី១៦ ខែកក្កដា មិនឃើញទៅផ្ទះវិញនោះ លោកបានចាត់កម្លាំង ប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារ ដើម្បីចេញប្រតិបត្តិការស្វែងរកឲ្យទាន់ពេលវេលា។ បន្ទាប់ពីសមត្ថកិច្ចរុករកអស់ពេលជា ច្រើនម៉ោងមិនឃើញសោះ។ លុះនៅព្រឹកថ្ងៃទី១៧ វេលាម៉ោងប្រមាណ១០ ក៏ប្រទះឃើញក្មេងទាំង៤នាក់នោះនៅក្នុងដីចំការ ដែលគេទុកចោលមួយកន្លែងឆ្ងាយពីភូមិហើយពួកគេមានសុវត្ថិភាពទាំងអស់គ្នា។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមក្មេងៗបានរៀប រាប់ប្រាប់សមត្ថកិច្ច មូលហេតុដែលពួកគេសម្រេចចិត្តជ្រកក្នុងដីចំការនេះដោយមិនត្រឡប់ទៅដល់ផ្ទះវិញ ព្រោះតែមេឃមានភ្លៀងធ្លាក់ខ្លាំងពេក បណ្តាលឲ្យជន់ទឹកអូរ ទើបធ្វើឲ្យពួកគេមិនហ៊ានឆ្លងទៅត្រើយម្ខាង ក៏ដើរស្វែងរកចំការដែលមានផ្ទះគេទុកចោលដើម្បីសម្រាកមួយយប់ ចាំពេលទឹកស្រកទើបពួកគេនាំគ្នាត្រឡប់ទៅផ្ទះវិញ តែក៏មានអ្នកភូមិតាមរកឃើញតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងៗដែលបាត់ចេញពីផ្ទះហើយត្រូវសមត្ថកិច្ចស្វែងរកឃើញនោះ មានអាយុចន្លោះពី៩ឆ្នាំទៅដល់១៣ឆ្នាំ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅបច្ចុប្បន្នភូមិ ពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្ន សមត្ថកិច្ចបាននាំក្មេងទាំង៤នាក់នោះប្រគល់ជូនអាណាព្យាបាល ដល់ផ្ទះរៀងៗខ្លួនដោយសុវត្ថិភាព។
អាជ្ញាធរមូលដ្ឋានបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជា ពិសេសអាណាព្យាបាលគ្រប់រូបសូមយកចិត្តទុកដាក់កុំបណ្ដែតបណ្ដោយឲ្យក្មេងៗចាកចេញពីផ្ទះឬ ធ្វើដំណើរទៅក្នុងព្រៃដ្បិតពេលនេះគឺជារដូវវស្សា មានភ្លៀងធ្លាក់ច្រើនដែលបណ្តាលឲ្យទឹកតាមអូរជន់លិចខ្លាំងនាំមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕