សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សារៈមន្ទីរវប្បធម៌ជាតិ បង្កើតឡើងក្នុងគោលដៅថែរក្សា ការពារ និងអភិរក្សវត្ថុបុរាណ និងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការរៀបចំសារៈមន្ទីរវប្បធម៌ជាតិ ក៏បានជួយដល់វិស័យទេសចរណ៍ផងដែរ ដោយនៅខេត្តសៀមរាបនេះ យើងត្រូវទាក់ទាញវិស័យទេសចរណ៍តាមរយៈការបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន និងសំបូរបែប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ជាការពិតណាស់ សារៈមន្ទីរមិនមែនបង្កើតឡើងសម្រាប់បម្រើឱ្យគោលដៅទេសចរណ៍តែមួយមុខនោះទេ ប៉ុន្តែគឺសម្រាប់ថែទាំវត្ថុបុរាណនានា ដែលដូនតាបានកសាងរាប់ពាន់ឆ្នាំ។ ជាមួយគ្នានេះដែរកូនចៅជំនាន់ក្រោយ អាចថែរក្សា និងទាញផលបាន ក្នុងគោលដៅថែទាំ ថែរក្សា ការពារ និងអភិរក្ស នៅនឹងកន្លែងរួមជាមួយគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលា កសាងសារៈមន្ទីរតម្កល់វត្ថុបុរាណ នៅវត្តរាជបូណ៍ ខេត្តសៀមរាប។ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ៖ សម្ដេចនឹងចុះពិនិត្យតាមមូលដ្ឋានដោយផ្ទាល់ឥតព្រៀងទុកចាប់ពីពេលនេះតទៅដើម្បីពិនិត្យតាមដានការអនុវត្តគោលនយោបាយដែលបានដាក់ចេញ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ចាប់ពីឆ្នាំទី២នៃរដ្ឋាភិបាលអាណត្តិទី៧តទៅ សម្ដេចនឹងចំណាយពេលតិចលើការងាររដ្ឋបាលវិញបន្ទាប់ពីបានពង្រឹង១ឆ្នាំមកហើយ ដូច្នេះសម្ដេចនឹងចំណាយពេលច្រើនលើមូលដ្ឋានវិញជាជាងមើលតែរបាយការណ៍ដែលបានរាយការណ៍។ សម្ដេចបានផ្ញើសារទៅរដ្ឋមន្ត្រីដែលទទួលបន្ទុកក្នុងវិស័យអទិភាពត្រូវត្រៀមខ្លួនផងដែរ។ សម្ដេចថា៖ «មិនមែនថាចង់ចាប់កំហុសអីទេ! តែខ្ញុំចង់សួរ ឃើញផ្ទាល់»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ និងមានចីរភាព ទាមទារឱ្យមានការអប់រំទាំងផ្នែកចំណេះដឹង វិជ្ជាជីវៈ និងទាំងផ្នែកសីលធម៌ គុណធម៌ និងចរិយាធម៌ ជាពិសេស គឺការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យោងតាមប្រវត្ដិសាស្រ្ដ និងបទពិសោធជាក់ស្ដែង វត្ដអារាម ព្រះសង្ឃ និងព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះនូវបញ្ញាញាណ ដែលជាថ្នាលបណ្ដុះគ្រាប់ពូជបញ្ញវន្ដ សម្រាប់ការអភិរក្ស និងការអភិវឌ្ឍជាតិលើគ្រប់វិស័យក្នុងសង្គមជាតិកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងន័យនេះ បន្ទាប់ពីសាងសង់រួចជាស្ថាពរ សារមន្ទីរព្រះព្រហ្មរតនមុនី នឹងចូលរួមចំណែកក្នុងការថែរក្សាសម្បតិ្តវប្បធម៌ជាតិ ដើម្បីដាក់តាំងបង្ហាញជាភស្តុតាង នូវរឿងរ៉ាវប្រវត្តិសាស្រ្តសង្រ្គាម សំណល់យុទ្ធភណ្ឌសង្រ្គាម និងប្រវត្តិជីវិតពិត ផលវិបាក ការឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ក្នុងសង្រ្គាម និងការខិតខំប្រឹងប្រែងក្រោយសង្រ្គាម រហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ ព្រមទាំងចូលរួមក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាបបន្ថែមទៀតផងដែរ»៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print